ក្រុងព្រះសីហនុ៖ផ្ទះពលរដ្ឋចំនួន២៨៤គ្រួសារត្រូវទឹកជន់លិច ដោយសាភ្លៀងធ្លាក់ខ្លាំង
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២
ក្រុងព្រះសីហនុ៖ផ្ទះពលរដ្ឋចំនួន២៨៤គ្រួសារត្រូវទឹកជន់លិច ដោយសាភ្លៀងធ្លាក់ខ្លាំង
ផ្ទះប្រជាពលរដ្ឋចំនួន២៨៤គ្រួសារ ស្ថិតក្នុងសង្កាត់លេខ១ សង្កាត់លេខ២ និងសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ បានរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង ដែលធ្លាក់តាំងពីយប់រំលងអាធាត្រឈានចូលថ្ងៃទី១១ ខែសីហា រហូតដល់ទៀបភ្លឺ។ នេះបើតាមរបាយការណ៍ដែល សារព័ត៌មានក្នុងស្រុក ទទួលបានពីឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែសីហា។
អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ឡុង ឌីម៉ង់ បានឱ្យដឹងថា ក្នុងចំណោមផ្ទះដែលរងការជន់លិចនោះ គឺមាន៣៨ខ្នងក្នុងសង្កាត់លេខ១ ដែលមានការជន់លិចទឹកហូរចូលដល់ក្នុងផ្ទះរបស់ពលរដ្ឋ។ ផ្ទះពលរដ្ឋក្នុងសង្កាត់លេខ២ មានចំនួន៦០ខ្នង រងការជន់លិច និងនៅសង្កាត់លេខ៤ មានផ្ទះចំនួន១៩៦ខ្នង ជាតំបន់ទំនាប ក៏ទទួលរងការជន់លិចដែរ ប៉ុន្តែសង្កាត់លេខ៣ មិនមានការជន់លិចឡើយ។
ទោះយ៉ាងណា តាមការបញ្ជាក់ពី លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ការជន់លិចនេះ មិនបណ្តាលឱ្យប៉ះពាល់ខ្លាំងដល់លំនៅឋានរបស់ពលរដ្ឋនោះទេ រីឯទឹកក៏បានស្រកទៅវិញជាបណ្តើរៗផងដែរ គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហានេះ។
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111