January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្រុងប៉ារីស៖មុខម្ហូបចំនួន ៥មុខ របស់កម្ពុជា បានទទួលការពេញនិយមទាំងអស់ពីអ្នកចូលរួមក្នុងកម្មវិធីពិព័រណ៌ភូមិមុខម្ហូបអន្តរជាតិ

ចេញផ្សាយថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២២

ក្រុងប៉ារីស ប្រទេសបារាំង៖ លោកស្រី ស៊ុន សុវាសនា អគ្គទីប្រឹក្សាស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសបារាំង ទទួលបន្ទុកសេដ្ឋកិច្ចការទូត បានសម្តែងនូវក្តីរំភើប រីករាយ រួមជាមួយនឹងមោទកភាពជាតិ បន្ទាប់ពីមុខម្ហូបចំនួន ៥មុខ របស់កម្ពុជា បានទទួលការពេញនិយមទាំងអស់ពីអ្នកចូលរួមក្នុងកម្មវិធីពិព័រណ៌ភូមិមុខម្ហូបអន្តរជាតិ។

លោកស្រី ស៊ុន សុវាសនា បាននិយាយបន្ថែមដោយក្តីរីករាយផងដែរថា ៖ “មុខម្ហូបទាំង ៥មុខរបស់យើង ដែលរួមមាន នំបញ្ចុក សម្លរខ្មែរ-ការី ហ្មម៉ុក សាច់គោអាំង នំកងខ្មែរ និងនំអន្សម ត្រូវបានដាក់លក់អស់ជានិច្ច ហើយពេលខ្លះក្រុមការងាររបស់ស្ថានទូតយើង ធ្វើថ្មីជូនភ្ញៀវមិនទាន់ទៀតផង។ មិនថាជាជនជាតិខ្មែរយើងនៅប្រទេសបារាំង ឬក៏ជនជាតិបារាំង ឬជនជាតិបរទេសផ្សេងទៀតនោះទេ សុទ្ធតែបានលើកសរសើរ និងគាំទ្រមុខម្ហូបទាំង៥មុខនេះ”។

បន្ថែមពីលើនេះ ក្រុមចុងភៅខ្មែរយើងក៏បានឡើងធ្វើបទបង្ហាញពី ហ្មម៉ុក ដែលត្រូវបានដកស្រង់ចេញពីសៀវភៅមុខម្ហូបរសជាតិអង្គរ (The Taste of Angkor) ជូនភ្ញៀវ ដោយទទួលបានការសាទរគួរជាទីមោទកផងដែរ។ក្រៅពីមុខម្ហូបទាំង៥មុខ ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ក្រោមការណែនាំរបស់ឯកឧត្តម ឯកអគ្គរាជទូត ក៏បាននាំយកនូវអង្ករ ស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពត យកទៅតាំងបង្ហាញផងដែរ ដើម្បីឱ្យជនបរទេសកាន់តែស្គាល់ផលិតផលខ្មែរបន្ថែមទៀត។

សូមរម្លឹកថា កម្មវិធីភូមិមុខម្ហូបអន្តរជាតិ (Village international de la gastronomie) ប្រារព្វធ្វើនៅសួនច្បារ Trocadéro ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ដោយមានស្តង់សរុបចំនួន ៧៥ស្តង់ និងមាន ៤៦ប្រទេស បានចូលរួមក្នុងកម្មវិធីនេះ ដោយចាប់លក់ពីម៉ោង១០ព្រឹក ដល់ម៉ោង ១០យប់ (ម៉ោងនៅប្រទេសបារាំង)។

ដោយឡែកសម្រាប់ស្តង់របស់ព្រះរាជាណាចក្រកម្ពុជា មានការបង្ហាញវិធីធ្វើម្ហូប ការសម្តែងរបាំក្ងោក និងការសម្តែងរបាំកម្រងផ្កា ជូនភ្ញៀវទស្សនានៅពេលល្ងាច៕

ប្រភព៖ information.gov.kh

ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.