កាលពីថ្ងៃទី៣០ ខែមិថុនា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សអស់ ៣នាក់ និង១២នាក់ទៀតត្រូវរងរបួស
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៣០ ខែមិថុនា បានសម្លាប់មនុស្ស ៣នាក់ និងរបួស ១២នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៣នាក់ របួសធ្ងន់ ៩នាក់ និងរបួសស្រាល ៣នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន និងប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ ដែលនាំឲ្យខូចខាត ម៉ូតូ ១២គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធុនធំ ១គ្រឿង យានផ្សេងៗ ២គ្រឿង ថ្មើរជើង ១នាក់។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវកុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕
ប្រភព www.information.gov.kh