សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា អាម៉េរិក និងចិន មិនតម្រូវការឱ្យកម្ពុជាមានការ ជ្រើសរើសរវាងអាម៉េរិក និងចិននោះទេ!
ចេញផ្សាយថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា អាម៉េរិក និងចិន មិនតម្រូវការឱ្យកម្ពុជាមានការ ជ្រើសរើសរវាងអាម៉េរិក និងចិននោះទេ!
ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២
កត្តាភូមិសាស្ត្រនយោបាយ ជាហេតុធ្វើឱ្យមជ្ឈដ្ឋានខ្លះយល់ថា កម្ពុជាលម្អៀងទៅ រកចិនជាជាងអាម៉េរិក។ តែតាមពិត ជំហររបស់កម្ពុជា ឬអាស៊ាន មិនងាករេទៅខាងណា ឬបែរទៅខាងណាឡើយ។
ថ្លែងក្នុងសន្និសីទស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ច ប្រជុំពាក់ព័ន្ធនានា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រាប់អាស៊ាន ឬសម្រាប់កម្ពុជា មិនតម្រូវឱ្យមានការជ្រើសរើសសម្រាប់ អ្នកណាទាំងអស់ យើងអត់មានតម្រូវឱ្យជ្រើសរើសចិន ចោលអាម៉េរិក ជ្រើសរើសអាម៉េរិក ចោលចិន ហើយទាំងចិនទាំងអាម៉េរិកក៏បានប្រាប់មកវិញថា មិនតម្រូវការឱ្យមានការ ជ្រើសរើសរវាងអាម៉េរិក និងចិននោះទេ»។ «យើងបានបញ្ជាក់ពីគោលជំហររបស់ យើងរួចហើយ។ អ្វីដែលបានកំពុងកើតឡើងនៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះ វាបានបង្ហាញ ច្បាស់ តើចិននិងអាម៉េរិកមកកម្ពុជា មកប្រទេសអាស៊ាន ឬប្រទេសអាស៊ានទៅអាម៉េរិក ឬទៅចិន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី។
សម្ដេចតេជោបានរម្លឹកថា កាលពីខែឧសភា មេដឹកនាំអាស៊ានបានអញ្ជើញ ទៅអាម៉េរិកដើម្បីប្រជុំពិសេស មានពេលខ្លះយើងទៅចិន មានពេលខ្លះយើងទៅជប៉ុន មានពេលខ្លះយើងទៅឥណ្ឌា អូស្ត្រាលី វាជារឿងធម្មតាខ្លាំងណាស់។
សម្ដេចតេជោបានគូសរំលេចថា អាស៊ានមានមជ្ឈភាព មានឯករាជ្យរបស់ខ្លួន ដោយមិនលម្អៀងទៅខាងណាទេ ដូចដែលយើងបញ្ជាក់ថា យើងមិនមែនជាកូនជឹងរបស់ អ្នកណាទេ ហើយអ្វីដែលបានបញ្ជាក់នៅក្នុងទីក្រុងភ្នំពេញនេះ គឺច្បាស់ណាស់ដៃគូខាងក្រៅ របស់យើងទោះបីមាន ទោះបីក្រ ទោះបីតូច ទោះបីធំ ត្រូវមកកាន់ទឹកដីរបស់អាស៊ាន។
សម្ដេចតេជោបានឱ្យដឹងទៀតថា ប្រទេសកម្ពុជាក្រមែន តូចមែន ក៏ប៉ុន្តែយើងមាន សមត្ថភាពអញ្ជើញប្រធានាធិបតី នៃប្រទេសអ្នកមាន ឱ្យឡើងថ្លែងសុន្ទរកថាទៅតាម ការរៀបចំរបស់យើង។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងដែរថា “នេះហើយគឺជាឯករាជ្យភាពរបស់ អាស៊ានដែលមិនមែនស្ថិតលម្អៀងទៅរកចិន ឬលម្អៀងទៅរកអាម៉េរិកនោះទេ»៕
ប្រភព៖ information.gov.kh