January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រូបភាពសត្វព្រៃកម្រពីក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន និងអង្គការWWF

ចេញផ្សាយថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២

ផ្តើមដោយសំណួរ៖ «មើលរាងអូនឈរមុខម៉ាស៊ីនថតស្វ័យប្រវត្តិ តើអូនស្រស់យ៉ាងណា?»

តាមរយៈបណ្តាញសង្គមហ្វេសបុកផេក(Neth Pheaktra Facebook Page) របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖

ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំងខណៈដែលពួកគេបានផ្តល់សេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះ ស្តីពីស្ថានភាពសត្វព្រៃតាមរយៈរូបភាពថតដោយពីម៉ាស៊ីនថតស្វ័យប្រវត្តិ។

រូបភាពដែលក្រុមការងារបានបញ្ជូ​នមកសម្រាប់ជារបាយការណ៍បឋមបានបង្ហាញវត្តមានរបស់សត្វដំរីអាស៊ី ហ្វូងសត្វខ្ទីង និងហ្វូងសត្វទន្សោងដែលសុទ្ធសឹងជាប្រភេទសត្វកម្រ ព្រមទាំងសត្វជ្រូកព្រៃ សត្វឈ្លូស សត្វក្ងោក សត្វសំពោចកលឿង និងស្វាក្តាមផងដែរ។

ការតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបច្ចុប្បន្នបានការគាំទ្រថវិកាពីកម្មវិធីអភិរក្សសត្វព្រៃនៃអង្គការWWFថ្នាក់តំបន់ និង WWF-Belgium ជាផ្នែកសំខាន់មួយនៃកម្មវិធីស្រាវជ្រាវ និងតាមដានជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។

សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងពីការជាប់អន្ទាក់ដែលជាមូលហេតុចម្បងនាំឲ្យសត្វព្រៃបាត់បង់ពូជ និងចំនួនសត្វព្រៃថយចុះ។ គេចាំបាច់ត្រូវចាត់វិធានការអភិរក្សសំខាន់ៗរួមគ្នាបន្ទាន់បន្ថែមទៀតដើម្បីការពារសត្វព្រៃដែលមានតម្លៃជាសកលទាំងនេះ ធានាថាទីជម្រកធម្មជាតិរបស់វាគ្មានការដាក់អន្ទាក់ និងបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃ ដើម្បីស្តារចំនួនសត្វទាំងនេះឲ្យកើនឡើងវិញ និងអាចបន្តរស់រានក្នុងដែនជម្រកធម្មជាតិទៅថ្ងៃអនាគតសម្រាប់ជាប្រយោជន៍មនុស្ស និងធម្មជាតិ។

«យុទ្ធនាការអន្ទាក់សូន្យ» ដែលត្រូវបានអនុវត្តជាផ្លូវការចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍ ជាវិធានការបន្ទាន់រួមគ្នាមួយដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកជាដំណោះស្រាយចំពោះការគំរាមកំហែងដល់ជីវិតសត្វព្រៃ ដោយមានគោលដៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.