ប្រធានអង្គការ UPF បានមានប្រសាសន៍សម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងជោគជ័យ
ចេញផ្សាយថ្ងៃអង្គារ៍ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២
ប្រធានអង្គការ UPF បានមានប្រសាសន៍សម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងជោគជ័យ
ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្ដម Yin Young Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) បានមានប្រសាសន៍សម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំថ្មីៗនេះ អាស៊ាន-អឺរ៉ុប បានយ៉ាងជោគជ័យ។
នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Yin Young Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) ចូលជួបសម្ដេជងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ ឯកឧត្ដម Yin Young Ho បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្រ្ដី ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំថ្មីៗនេះ អាស៊ាន-អឺរ៉ុប បានយ៉ាងជោគជ័យ។ ឯកឧត្ដម ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរ អំពីដំណើរការកៀរគរការគាំទ្រធម្មនុញ្ញាសន្តិភាពពិភពលោក និងគម្រោងសួនសន្តិភាពមេគង្គ ហើយក៏បានគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោពាក់ព័ន្ធនឹងករណីនេះ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្ដម Yin Young Ho ចំពោះការអបអរសាទរនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្ដេចតេជោបានមានប្រសាសន៍ថា កិច្ចប្រជុំអាស៊ាននៅឆ្នាំនេះ គឺមានបញ្ហាចាក់ស្រេះគ្នាយ៉ាងច្រើន តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានដោះស្រាយបានទាំងអស់ ហើយបានចេញឯកសារទាំងអស់ ចំនួន១០១ឯកសារ មិនមានការរាំងស្ទះឡើយ។សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ជូនដល់ឯកឧត្ដមអគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក ឱ្យជំរុញការគាំទ្រតាមទម្រង់ UPF+X នោះគឺតាមរយៈការគាំទ្រពីតូចទៅធំ រីឯគម្រោងសួនសន្តិភាពមេគង្គវិញ សម្ដេចតេជោបានស្នើឱ្យបន្តធ្វើការថែមទៀត៕
ប្រភព៖information.gov.kh