នំបញ្ចុកសៀមរាបបែបបុរាណ ត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសមូហភាព និងចងក្រងរូបមន្ត នៃការផលិត
នំបញ្ចុកសៀមរាបបែបបុរាណ ត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសមូហភាព និងចងក្រងរូបមន្ត នៃការផលិត
សៀមរាប ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣
នំបញ្ចុកសៀមរាប ដែលផលិតឡើងតាមបែបបុរាណមានរសជាតិឆ្ងាញ់ និងកេរ្តិ៍ឈ្មោះ ល្បីល្បាញ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាល ខេត្តសៀមរាប ចុះសិក្សានិងវាយតម្លៃចុះបញ្ជីម៉ាកសមូហភាព។
ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការចុះបញ្ជីម៉ាកសមូភាពនំបញ្ចុកសៀមរាបនេះ មានសារៈសំខាន់ណាស់ទី១គឺដើម្បីចងក្រងសៀវភៅបន្ទុកមួយ និងរូបមន្តនៃការផលិតនំ បញ្ចុកសៀមរាប ពីព្រោះថា កន្លងមកនេះ ប្រជាពលរដ្ឋអ្នកផលិតនំបញ្ចុកនៅឃុំព្រះដាក់ តែងតែផលិតនំបញ្ចុកឡើងតាមទម្លាប់ពីដូនតាយើងមក ប៉ុន្តែពុំទាន់បានចងក្រងជា ឯកសារអំពីរូបមន្តនៃការផលិតនៅឡើយទេ។
ដូចនេះហើយ បានជាថ្ងៃនេះនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយអាជីវក ផលិតករ នំបញ្ចុកសៀមរាប និងអាជ្ញាធរមូលដ្ឋាន ដើម្បីចងក្រងរូប មន្តនៃការផលិតនំបញ្ចុកសៀមរាបមួយ ថាគេប្រើគ្រឿងផ្សំអ្វីខ្លះបាន ធ្វើឱ្យនំបញ្ចុកសៀមរាប មានរសជាតិឆ្ងាញ់ពិសេសជាងគេ ហើយការចងក្រងនេះ អាចទុកប្រើប្រាស់ជារួម និងរក្សា ទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ ការចុះបញ្ជីម៉ាកសមូភាពនេះ ក៏អាចទាក់ ទាញភ្ញៀវទេសចរមកទទួលទាននំបញ្ចុកបានកាន់តែច្រើន។
ឯកឧត្តមក៏បានរំពឹងថា នៅថ្ងៃអនាគត នឹងមានការជំរុញឱ្យមានការវេចខ្ចប់ នំបញ្ចុក ក្រៀមសម្រាប់ការនាំចេញផងដែរ។ ការលើកឡើងរបស់ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មបែបនេះ បានធ្វើឡើងនៅក្នុងមហាសន្និបាត កំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករ នំបញ្ចុកសៀមរាប ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្ដម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានឱ្យដឹងដែរថា ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញការកែច្នៃផលិតផល នាំចេញដូចមានចែងនៅក្នុងយុទ្ធសាស្ត សមាហរណកម្មពាណិជ្ជកម្មឆ្នាំ២០១៩-២០២៣ ក្រសួងពាណិជ្ជកម្ម បានកំពុងបង្កើនល្បឿនចុះបញ្ជី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដោយក្នុងនោះ “នំបញ្ចុកសៀមរាប” ក៏ត្រូវបាន កំណត់ជាផលិតផល សក្តានុពលត្រូវចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងនំបញ្ចុក របស់កម្ពុជា នៅលើទីផ្សារជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ពោធឱ្យប្រើ ប្រាស់ជាផ្លូវការម៉ាក សម្គាល់ភូមិសាស្ត្រទំនិញរួមមាន៖ “អំបិលកំពតកែប” “បង្កងតាកែវ” និង “ទឹកត្រីកំពត-កែប” និងម៉ាកសមូហភាព “អំបុកកំពង់ធំ” “នំបញ្ចុកសៀមរាប” “ក្រូចថ្លុងកោះពីរ” និង “ដូងខ្ទះបាត់ដំបង” នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីទិវាកម្ម សិទ្ធិបញ្ញាពិភពលោក ដែលកម្ពុជា ជាសមាជិក នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)។ កន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលមានសក្តានុពល ចំនួន ៤ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងបានចុះបញ្ជីម៉ាកសមូហភាព ចំនួន ៣ រួមមាន៖ “គុយទាវភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះ វិហារ”៕ដោយ ឃុត សៅ
ប្រភព៖information.gov.kh