ឯកឧត្តម ខៀវកាញារីទ្ធ ប្រកាសផ្តល់ថវិកាចំនួន ១០០០$ ដល់កីឡាករប្រដាល់ប្រេស៊ីលThiago Teixeira
ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសផ្តល់ថវិកាចំនួន ១០០០$ ដល់កីឡាករប្រដាល់ប្រេស៊ីល តាមរយៈសមាគមប្រដាល់ និង បានអំពាវនាវ ឲ្យសប្បុរសជនខ្មែរយើង ចូលរួមបរិច្ចាកផងដែរ ។
ដោយលោកបានសរសេសារបង្ហោះក្នុងអាខោនហ្វេសបុកផេកផ្ទាល់ខ្លួនរបស់ឯកឧត្តមថា៖
(ឃើញគេមិនអោយលុយអ្នកប្រដាល់ប្រេស៊ីល ព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស (គេត្រូវហាមមុនឡើងប្រដាល់) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះផង។
ខ្ញុំផ្ទាល់សូមផ្ញើលុយ ១០០០ដុល្លារទៅគាត់តាមរយៈសមាគមប្រដាល់គុនខ្មែរយើង។)
គួបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣កន្លងមកថ្មីៗនេះមានការរៀបចំប្រកួតដណ្តើមក្រវាត់កម្រិតពិភពលោក WMO (World Muaythai Organization) សម្រាប់ការប្រកួត ក្នុងកម្មវិធី APEX Fight Series នៅសង្វ្រៀន LKH Arena ប្រទេសអាល្លឺម៉ង់ ដោយកីឡាករមានដើមកំណើតនៅប្រទេសប្រេស៊ីលឈ្មោះ Thiago Teixeira តំណាងឱ្យប្រទេសកម្ពុជាបានផ្តួលកីឡាកររបស់អង់គ្លេស Joe Craven ឱ្យសន្លប់ក្នុងទឹកទី២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក WMO (World Muaythai Organization) កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
ប៉ុន្តែដំណឹងគួឱ្យសោកស្តាយបំផុតនោះគឺ៖ លោក Chinawut Sirisampan ប្រធានស្ថាប័នប្រដាល់មួយថៃពិភពលោក (WMO-World Of Muaythai Organization) កាលពីថ្ងៃទី៦ ខែមេសា បានចេញសេចក្ដីថ្លែងការណ៍មួយប្រកាសពីការដកហូតខ្សែក្រវាត់ WMO ដែលកីឡាករ Thiago Teixeira ទើបឈ្នះពីប្រទេសអាល្លឺម៉ង់ ដោយសារតែកីឡាករប្រេស៊ីលរូបនេះ ប្រកួតតំណាងឱ្យកម្ពុជា ។ ជាមួយគ្នានេះ កីឡាករ Thiago ក៏ត្រូវបានហាមឃាត់រាល់ការប្រកួតក្នុងព្រឹត្តិការណ៍ដែលស្ថាប័នប្រដាល់ WMO រៀបចំនាពេលអនាគតផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ គេបានប្រកាសថា(កីឡាករ Thiago Teixeira )មិនមែនជាអ្នកប្រដាល់មួយថៃទៀតឡើយ និងប្តូរទៅធ្វើជាតំណាងគុនខ្មែរវិញ ។ ទាំងអស់នេះហើយគឺជាទឡ្ហីករណ៍នាំឱ្យមេ WMO សម្រេច
ដកហូតខ្សែក្រវាត់ និងបញ្ឈប់រាល់សកម្មភាពនាពេលអនាគតរបស់ Thiago ក្នុងព្រឹត្តិការណ៍
ដែលរៀបចំឡើងដោយ WMO ។
បច្ចុប្បន្ន កីឡាករប្រេស៊ីល Thiago ស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយកំពុងត្រៀមបើកក្លិបប្រដាល់គុនខ្មែរ ក្រោមការជួយជ្រោមជ្រែងពីឧកញាដ៏ល្បីឈ្មោះក្នុងសង្គមម្នាក់ ៕