ក្រសួងទេសចរណ៍៖ រយៈពេល ៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ១៣លាននាក់ ខណៈភ្ញៀវអន្ដរជាតិមានជាង៥ម៉ឺននាក់។
ក្រសួងទេសចរណ៍៖ រយៈពេល ៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ១៣លាននាក់ ខណៈភ្ញៀវអន្ដរជាតិមានជាង៥ម៉ឺននាក់។
ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣
ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣ ១៨៧ ៧៧១ នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ១៣ ១៣២ ០៨០ នាក់ ភ្ញៀវអន្តរជាតិ ៥៥ ៦៩១ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា តួលេខប្រចាំថ្ងៃ សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរមានចំនួន ២ ០៩៨ ៥០១ នាក់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរមានចំនួន ៤ ២៣៧ ៧៨០ នាក់ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរមានចំនួន ៦ ៨៥១ ៤៩០ នាក់។
ក្រសួងទេសចរណ៍ក៏បានធ្វើការកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ១៣ លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។
ទន្ទឹមនេះ ចំនូនភ្ញៀវទាំងជាង ១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិ ស្រុក និងកន្លែងជួបជុំនានា។
សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានី ខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ស្របពេលដែលពីមួយថ្ងៃទៅមួយថ្ងៃនៃពិធីបុណ្យ៣ថ្ងៃនេះ បណ្តារាជធានីខេត្តបានបង្កើនទំហំនៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ដូចជាការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីបន្ថែមជាដើម។
ជាមួយគ្នានេះដែរ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋ មានតាំងពីពេលព្រឹករហូតដល់យប់អាធ្រាតុ ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។ ក្រសួងទេសចរណ៍បានអះអាងដែរថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០ភាគរយ។ លើសពីនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។
ចំពោះវិស័យឯកជនបានសំដែងការរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា Visit Cambodia Year។ ដោយឡែកចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងតិចតួច ខណៈដែលកំលាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ ចំណែកប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការី មានសេចក្តីរីករាយ និងថ្លែអំណរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរទៅមកស្រុកកំណើត។
ក្រសួងទេសចរណ៍បានវាយតម្លៃជារួមថា ចរន្តភ្ញៀវដ៏ច្រើនកុះករមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំនេះ គឺបានមកពីការជឿជាក់លើភាពស៊ាំសហគមន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សម្បូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស។ សូមជម្រាបជូនថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖ ខេត្តសៀមរាប ២ ១២០ ៣៧៣ នាក់, ខេត្តបាត់ដំបង ១ ៥០០ ១៦៨ នាក់, ខេត្តកំពង់ចាម ១ ៤០៨ ៨១១ នាក់, រាជធានីភ្នំពេញ ១ ០៨០ ៥០៩ នាក់, ខេត្តព្រះសីហនុ ៨៨៧ ៨៩៣ នាក់, ខេត្តកំពត ៨៧០ ៣៩៩ នាក់, ខេត្តស្វាយរៀង ៧៦០ ៣៩៩ នាក់, ខេត្តកំពង់ឆ្នាំង ៧៣៩ ១៥៩ នាក់, ខេត្តបន្ទាយមានជ័យ ៦៥០ ០១៣ នាក់, ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់៕ប្រភព៖ ក្រសួងទេសចរណ៍