ក្រសួងអប់រំគ្រោងនិងអនុញ្ញាតឲ្យសាលារៀនដែលមានស្តង់ដារបើកឡើងវិញនៅខែសីហាខាងមុខនេះ…!
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលនិងក្រសួងអប់រំយុវជននិងកីឡា បានឯកភាពគ្នាអនុញ្ញាតឲ្យសាលារៀនដែលមានលក្ខណៈស្តង់ដាបើកជាបណ្ដើរឡើងវិញ នៅក្នុងខែសីហា ឆ្នាំ២០២០ ដោយត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្តម រស់ វាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញគឺនឹងប្រព្រឹត្តទៅតាមបីដំណាក់កាល ដោយដំណាក់កាលទី១ ដោយផ្តោតសាលារៀនស្តង់ដារសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនស្តង់ដារមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដារអប្បបរមា។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិភាក្សាលើវិធានការសុខមាលភាពនិងកត្តាសង្គមសេដ្ឋកិច្ច ដើម្បីធានាការបើកសាលារៀនឡើងវិញ ប្រព្រឹត្តិទៅដោយរលូនមិនប្រឈមហានិភ័យនៃជម្ងឺកូវីដ១៩។
សំឡេង៖ « តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជំហររបស់ក្រសួងអប់រំ យុវជន និងកីឡាលើការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល៖ ដំណាក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។ សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។ នាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។ ចំណែកឯ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១។ ក្រសួងអប់រំ យុវជន និងកីឡានឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ»។
នៅក្នុងសន្និសីទព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ជាជំហានដំបូងក្រសួងនឹងបើកសាកល្បងសាលាអន្តរជាតិចំនួន១៥ ដែលមានស្តង់ដាខ្ពស់ ដូចជាសាលាភាសាជប៉ុន អង់គ្លេសអាមេរិកាំង និងបារាំងជាមុនសិន ដែលមានសិស្សប្រមាណ២ម៉ឺននាក់។ ប៉ុន្តែមុននឹងបើកសាលានីមួយៗ ត្រូវដាក់ពាក្យស្នើសុំបើកសាលារៀនឡើងវិញ ដើម្បីឲ្យក្រុមការងារក្រសួងចុះវាយតម្លៃនិងពិនិត្យមើលសាលាទាំងនោះ ស្របតាមស្តង់ដារនិងតាមការណែនាំរបស់ក្រសួងសុខាភិបាលមុននឹងឈានទៅដល់ការចុះអនុស្សារណៈអនុញ្ញាជាផ្លូវការ។ ម្យ៉ាងវិញទៀត សាលាទាំងនោះត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួង ដូចជាត្រូវអនុវត្តរក្សាសុវត្ថិភាព គម្លាតសង្គមនិងបុគ្គល ដូចជាដាក់សិស្សក្នុងមួយថ្នាក់ចំនួន ១៥នាក់ នឹងត្រូវធ្វើតែរកកូវីត១៩ ទាំងគ្រូទាំងសិស្សមុនចាប់ផ្ដើមចូលរៀន៕
ប្រភព-www.information.gov.kh