សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម្ពោធសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ កុម្ភៈ ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម្ពោធសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ចំនួន ៥,២៣២នាក់ (ស្រី ៣,២១៧នាក់) នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
រដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស ដោយបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមាន ចំណូលខ្ពស់ឆ្នាំ២០៥០។
ក្នុងទិសដៅមួយដ៏ច្បាស់លាស់ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាព និងគោលដៅគន្លឹះទី៥ នៃមុំមួយរបស់យុទ្ធាសាស្ត្របញ្ចកោណរាជរដ្ឋាភិបាល ដំណាក់កាលទី១ ដើម្បីបង្កើត និងពង្រីកសក្តានុពលធនធានមនុស្សលើវិស័យជំនាញបច្ចេកវិទ្យា ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍជាតិស្របតាមបរិការនៃតម្រូវការសម័យទំនើបក្នុងតំបន់ និងសាកលលោក។