January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

គ្រោះថា្នក់ចរាចរណ៍ជិត១ឆ្នាំហើយ ភាពយុត្តិធម៌ និងសំណងសម្រាប់ជនរងគ្រោះមិនទាន់ទទួលបានទេ ខណៈសំណុំរឿងបន្តនៅសាលាដំបូងរាជធានីភ្នំពេញ ឯជនរងគ្រោះត្រូវពិការជើងទាំងពីរជាអចិន្ត្រៃយ៍

គ្រោះថា្នក់ចរាចរណ៍ជិត១ឆ្នាំហើយ ភាពយុត្តិធម៌ និងសំណងសម្រាប់ជនរងគ្រោះមិនទាន់ទទួលបានទេ ខណៈសំណុំរឿងបន្តនៅសាលាដំបូងរាជធានីភ្នំពេញ ឯជនរងគ្រោះត្រូវពិការជើងទាំងពីរជាអចិន្ត្រៃយ៍។

ចុចចូលហ្វេសបុកផេក=>https://www.facebook.com/share/p/N8XwR6sN272Ew1VG/

រាជធានីភ្នំពេញ៖ ជនរងគ្រោះដោយសារគ្រោះថា្នក់ចរាចរណ៍ម្នាក់ ដែលបានបាត់បង់ជើងទាំងពីរជាអចិន្ត្រៃយ៍ ដង្ហោយហៅរកយុត្តិធម៌ ខណៈសាសាដំបូងរាជធានីភ្នំពេញហាក់ព្រងើយកន្តើយអូសបន្លាយពេលជិត១ឆ្នាំ គ្មានពន្លឺយុត្តិធម៌សម្រាប់ជនរងគ្រោះសោះ។

ការអូសបន្លាយពេលដ៏យូរនេះ វាជាភាពអយុត្តិធម៌មួយសម្រាប់ជនរងគ្រោះទៅហើយ ដែលជាហេតុធ្វើឲ្យជនរងគ្រោះស្វែងរកអ្នកច្បាប់ដើម្បីការពារសិទ្ធិតាមផ្លូវតុលាការ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ជនរងគ្រោះបានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ លើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះ ទៅកាន់សមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ដែលមានលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ជាប្រធាន ហើយលោកបណ្ឌិតបានឯកភាពតាមសំណើរ និងបានផ្ដល់មេធាវីសមាគម ជួយពិនិត្យផ្លូវច្បាប់ និងការពារសិទ្ធិដល់សមាជិករបស់ អង្គភាពសារព័ត៌មាន 7មករាញូស៍។

យោងតាមពាក្យសុំកិច្ចអន្តរាគមន៍លេខ ០០១/២៤ .ប.ម.ញ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ របស់អង្គភាពសារព័ត៌មាន 7 មករាញូស៍ ដែលមានលោក ម៉ុន សាមាស ជាចាងហ្វាងការផ្សាយ បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ទៅកាន់ សមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍លើសំណុំរឿងព្រហ្មទណ្ឌលេខ២១០៧ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានឈ្មោះ. សែន សុធិ ជាតំណាង និងត្រូវជាបងប្រុសបង្កើតរបស់ប្រពន្ធជនរងគ្រោះឈ្មោះ. សែន ស្រីទូច និងជនរងគ្រោះត្រូវជាប្ដីឈ្មោះ. ឯម ឧត្តម ជាជនរងគ្រោះ បាក់ជើងទាំងសងខាង ( ពិការអចិន្ត្រៃយ៍ អង្គុយលើរទេះរុញ ) ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តម៉ាក Prus ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB.3948 កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវ៦០ ម៉ែត្រ។

សូមរំឭកសង្ខេបពីដំណើរនៃគ្រោះថ្នាក់ចរាចរណ៍នេះដូចតទៅ : កាលពីវេលាម៉ោង១០.៣០ នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានដើរលក់ផ្កា នៅចំណុចស្តុប ម៉ែកសឺដេស ផ្លូវ៦០ ម៉ែត្រ ស្របពេលភ្លើងស្តុបក្រហម ជនរងគ្រោះក៏បានដើរប្របផ្លូវលក់ផ្កាជូនអ្នកដំណើរតាមរថយន្ត ស្រាប់តែពេលនោះ មានរថយន្តមួយគ្រឿងម៉ាកPrus ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យបុករថយន្តបន្តគ្នាចំនួន៣គ្រឿង។ ខណនោះជនរងគ្រោះស្ថិតនៅចន្លោះរថយន្តទាំង៣ ហើយបានបុកផ្ទប់គ្នាពេញទំហឹងទៅនឹងរថយន្តនៅខាងមុខបណ្តាលឲ្យជនរងគ្រោះរងនូវរបួសខ្ទេចជើងទាំងពីរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ រីឯអ្នកបើកបរបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលមានឈ្មោះ សែន សុធិ ជាតំណាងជនរងគ្រោះ។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីគ្រួសារជនរងគ្រោះ ជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានណាត់ភាគីទាំងសងខាង មកសម្របសម្រួលគ្នារកដំណោះស្រាយនៅចំពោះមុខ តែជនបង្កមិនបានចូលខ្លួនមកផ្ទាល់ទេ ដោយអោយប្អូនប្រុសមកចរចាជំនួស។ បន្ទាប់ពីការចរចាមិនមានលទ្ធផល ដោយជនបង្កមិនព្រមផ្ដល់សំណងមកកាន់គ្រួសារជនរងគ្រោះ ទើបជំនាញចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីមានចំណាត់ការតាមច្បាប់។

ចាប់តាំងពីថ្ងៃកើតតហេតុមក គឺជិតមួយ(០១)ឆ្នាំ ឯសាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនបង្ក និងបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារព្រៃសហើយតាមរយៈដីកាឃុំខ្លួនលេខ ៤៣៩៩/០៨.០៥.២៤ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥០៦៩/១១.០៩.២៣ ចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ចដែលបង្ករបួសស្នាម ស្ដីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យរបួសអ្នកដទៃ ចេញដោយលោកចៅក្រម ធន់ ដារិទ្ធ ជាចៅក្រមស៊ើបសួរ។

ចំពោះចំណាត់ការតាមនីតិវិធីច្បាប់ លោក ធន់ ដារិទ្ធ ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សារព័ត៌មាន 7 មករាញូស៍ មិនអាចសុំការបញ្ជាក់ពីលោកបាននៅឡើយទេ។ ទោះយ៉ាងនេះក្តី សំណុំរឿងនៅតុលាការហាក់មានភាពយឺតយ៉ាវនៅឡើយដែរ ឯតំណាងជនរងគ្រោះបានបញ្ជាក់មកសារព័ត៌មាន 7 មករាញូស៍ ថា ស្នើសុំឲ្យលោក ធន់ ដារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ មេត្តាជួយផ្តល់យុត្តិធម៌ និងទាមទារសំណងសមរម្យណាមួយដល់គ្រួសារជនរងគ្រោះដែលកំពុងប្រឈមនឹងជីវភាពខ្វះខាតខ្លាំង ទាំងថ្លៃព្យាបាលរបួស ពិសេសបន្ទុកក្នុងគ្រួសារដែលត្រូវរ៉ាប់រង ដោយជនរងគ្រោះ ដែលពេលនេះត្រូវបានពិការភាពជើងទាំងពីរជាអចិន្ត្រែយ៍ទៅហើយនោះ។ សារព័ត៌មាន 7 មករាញូស៍ រង់ចាំទទួលការបញ្ជាក់ពីលោក ធន់ ដារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញចំពោះរឿងព្រហ្មទណ្ឌខាងលើគ្រប់ពេលវេលា និងគ្រប់ម៉ោងធ្វើការ។ ដោយឡែកភាពយុត្តិធម៌យ៉ាងណានោះ សារព័ត៌មាន 7 មករាញូស៍ និងបន្តតាមដានដោយយកចិត្តទុកដាក់ នឹងផ្សាយជូនជាបន្តបន្ទាប់នៅលេខក្រោយៗទៀត។
អត្ថបទ៖ លោក ប៉ុល ឌីណារ៉ូ (និពន្ធនាយក)

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.