ការកសាងព្រែកជីកហ្វូណនតេជោ នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងតួនាទីរបស់ប្រទេសក្នុងទីផ្សារពិភពលោក និងតំបន់
ការកសាងព្រែកជីកហ្វូណនតេជោ នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងតួនាទីរបស់ប្រទេសក្នុងទីផ្សារពិភពលោក និងតំបន់
ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤-
ព្រែកជីកហ្វូណនតេជោ លាតសន្ធឹងចម្ងាយ ១៨០ គីឡូម៉ែត្រពីបេះដូងដ៏រស់រវើកនៃទីក្រុងភ្នំពេញទៅកាន់ច្រាំងសមុទ្រនៃខេត្តកែប លើសមុទ្រខ្មែរ ព្រែកជីកហ្វូណនតេជោនឹងឈានទៅរកយុគសម័យថ្មីនៃវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជា។
តាមគេហទំព័រព្រែកជីកហ្វូណនតេជោ បានឱ្យដឹងថាព្រែកជីកនេះនឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវគោក និងតាមកំពង់ផែបរទេស កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងតួនាទីរបស់ប្រទេសក្នុងទីផ្សារពិភពលោក និងតំបន់។
ព្រែកជីកនេះ នឹងពង្រឹងភាពធន់នឹងសេដ្ឋកិច្ច និងបរិស្ថានរបស់កម្ពុជា និងធ្វើឱ្យវាក្លាយជាច្រកទ្វារថ្មីសម្រាប់ពាណិជ្ជកម្មនៅអាស៊ី រួមមាន៖
១. ប្រសិទ្ធភាពសេដ្ឋកិច្ច៖ តាមរយៈការផ្តល់ផ្លូវពាណិជ្ជកម្មដោយផ្ទាល់ ព្រែកជីកនឹងកាត់បន្ថយការពឹងផ្អែកលើផ្លូវគោក និងកំពង់ផែបរទេស កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលដ៏សំខាន់នៅក្នុងទីផ្សារអាស៊ី។
២. កំណើនសេដ្ឋកិច្ច៖ បង្កើតឱកាសការងារយ៉ាងច្រើន និងការអភិវឌ្ឍន៍ឧស្សាហកម្ម ជាមួយនឹងតំបន់ពាណិជ្ជកម្មថ្មីៗនៅតាមដងព្រែក ដែលទាក់ទាញការវិនិយោគពីបរទេស។
និង៣. វិស័យទេសចរណ៍ និងកសិកម្ម៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនឹងជំរុញទេសចរណ៍យ៉ាងសំខាន់ និងបង្កើនផលិតភាពកសិកម្មតាមរយៈប្រព័ន្ធធារាសាស្ត្រកាន់តែប្រសើរ។
សូមបញ្ជាក់ជូនថា នាថ្ងៃទី៥ ខែសីហាខាងមុខនេះ រាជរដ្ឋាភិបាល និងបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។
ដោយ៖ កន ចំណាន
ប្រភព៖ក្រសួងព័ត៌មាន