ប្រជាពលរដ្ឋចំនួន១០៥ គ្រួសារ បានផ្ទុះការតវ៉ា រឿងផ្លូវធ្វើដំណើរ ជាមួយម្ចាស់គំរោងដីឡូត៍ ដែលមានឈ្មោះ អ៊ុក សឿន
ប្រជាពលរដ្ឋចំនួន១០៥ គ្រួសារ បានផ្ទុះការតវ៉ាជាមួយម្ចាស់គំរោងដីឡូត៍ ដែលមានឈ្មោះ អ៊ុក សឿន ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងរំចេក ក្រុម៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភ្នំពេញ: (ព័ត៌មានបឋម) មានការតវ៉ាជាច្រើនលេីក ច្រើនសារ របស់ប្រជាពលរដ្ឋ ចំនួន១០៥ គ្រួសារបានដាក់ពាក្យបណ្តឹងទៅលើ ម្ចាស់គំរោងដីឡូត៍ ឈ្មោះ អ៊ុក សឿន តែរហូតមកដល់បច្ចុប្បន្ននេះនៅតែមិនទាន់មានដំណោះស្រាយនៅឡើយទេ។ ដោយខាងភាគីប្រជាពលរដ្ឋ ទាមទារអោយមានការបេីកផ្លូវក្នុងគំរោងដីឡូត៍នេះ ដោយផ្អែកលើប្លង់កម្មសិទ្ធិស្របច្បាប់ ( ប្លង់រឹង ) ដែលបានបញ្ជាក់ថា ដីផ្លូវដែលប្រជាពលរដ្ឋកំពុងធ្វើការតវ៉ានេះ ជាដីផ្លូវនៅក្នុងប្លង់ តែខាងម្ចាស់គំរោងដីឡូត៍ បែជាបំពានយកផ្លូវនេះ ទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយដាក់បង្ខាំងផ្លូវមិនអោយប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បាន។
យោងតាមការលេីកឡើងរបស់លោក សែន សុធិ និងអ្នកស្រី ដួង ស្រីវិន ដែលជាតំណាងរបស់ប្រជាពលរដ្ឋ បានលេីកឡើងថា ដោយសារការបំពានយកដីផ្លូវមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ម្ចាស់ដីឡូត៍នេះហើយ ដែលជាមូលហេតុបណ្តាលអោយប្រជាពលរដ្ឋទាំង១០៥ គ្រួសារផ្ទុះការតវ៉ា ហើយបានដាក់ពាក្យបណ្តឹងទៅ អាជ្ញាធរសង្កាត់ចោមចៅទី១ ដេីម្បីស្មេីអោយមានការដោះស្រាយ ដែលមានលោក កង វង ជាចៅសង្កាត់។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរួច អាជ្ញាធរសង្កាត់ចោមចៅទី១ បានចេញលិខិតអញ្ជើញ ភាគីទាំងសងខាងមកធ្វើការសម្របសម្រួលរកដំណោះស្រាយ។ តែជាលទ្ធផលនៃការសម្របសម្រួលចំនួន៣ លេីក គឺនៅតែមិនមានដំណោះស្រាយឡើយ !
ដោយ :
– លេីកទី១ – នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤
– លេីកទី២ – នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤
– លេីកទី៣ – នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤
ដែលមានសមាសភាពចូលរួមដោះស្រាយរបស់ អាជ្ញាធរសង្កាត់ចោមចៅទី១ ដូចជា :
– លោក.ស្រី ប្រណម្យ ចាន់ណារី – ចៅសង្កាត់រងទី២
– លោក. ជេម សុវណ្ណរា – ក្រុមប្រឹក្សាសង្កាត់
– លោក. នូ សុវណ្ណារិទ្ធ – មន្ត្រីជំនួយ ការសង្កាត់
– លោក. សេក សាត់ – មេភូមិត្រពាំងរំចេក
ក្រោយការសម្របសម្រួលនៅសង្កាត់ចោមចៅទី១ លទ្ធផលគឺភាគីទាំងសងខាងមិនឯកភាពគ្នា។ បន្ទាប់មកអាជ្ញាធរសង្កាត់ ចោមចៅទី១ បានបញ្ជូនសំណុំរឿងនេះជូនទៅ សាលាខណ្ឌពោធិ៍សែនជ័យ ដេីម្បីធ្វេីការដោះស្រាយបន្ត។
រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ អជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានកោះអញ្ជើញ ភាគីទាំងសងខាង ដេីម្បី ធ្វេីការដោះស្រាយលើបញ្ហានេះ ដែលមាន សមាសភាពចូលរួមដូចជា :
១ – លោក. ឈួន ឆាយារិទ្ធ. នាយករដ្ឋបាលខណ្ឌ
២ – លោក. លាង ដាវិត. នាយករងរដ្ឋបាលខណ្ឌ
៣ – លោក. ប្លុង សីហ:. ប្រធានការិយាល័យ. ជ.ន.ស.ក. ខណ្ឌ
៤ – លោក. នូ កែតសុគុណ. ប្រធានការិយាល័យ. សាធារណការ ដឹកជញ្ជូន. អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ខណ្ឌ
៥ – លោក. កង វង. ចៅសង្កាត់ចោមចៅទី១
៦ -លោក. សេក សាត់. មេភូមិត្រពាំងរំចេក. សង្កាត់ចោមចៅទី១
៧ – លោក. សែន សុធិ. ភាគីដើមបណ្ដឹង តំណាងប្រជាពលរដ្ឋ ស្ថិតនៅភូមិ ត្រពាំងរំចេក. សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៨ – អ្នកស្រី. ដួង ស្រីវិន. ភាគីដើមបណ្ដឹង តំណាងប្រជាពលរដ្ឋ ស្ថិតនៅ ភូមិត្រពាំងរំចេក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៩ – លោក. អ៊ុក សឿន. ភាគីចុងចម្លើយ ប្រជាពលរដ្ឋ ស្ថិតនៅភូមិ ត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ក្រោមអធិបតីភាពរបស់លោក. ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ។
ជាលទ្ធផល នៃការប្រជុំដោះស្រាយ លោក អភិបាលរង បានសំរេចអោយជំនាញ សុរិយោដីខណ្ឌ និងមន្ត្រីជំនាញ ចុះធ្វើការវាស់វែង នៅលើទីតាំងដីផ្ទាល់។ រហូតដល់ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នេះ មន្រ្តីជំនាញរបស់អជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ទីតាំងដីផ្ទាល់ ដើម្បីធ្វើការវាស់វែង ដែលមានលោក. ប៉ាង លីដា ជាអ្នកដឹកនាំក្រុមការងារ។
តែអ្វីដែលជាចំងល់របស់ប្រជាពលរដ្ឋទាំង១០៥ គ្រួសារ បានលើកឡើងថា : រាល់ការកំណត់ថ្ងៃធ្វើការដោះស្រាយរបស់អាជ្ញាធរ គឺលោក អ៊ុក សឿន ចូលរួមបានតែម្ដងគត់ គឺលេីកទី១ នៅសាលាសង្កាត់ចោមចៅទី១។ ក្រៅពីនោះគឺគាត់មិនដែលបានមកចូលរួម បង្ហាញខ្លួនទេ គឺអោយតំណាងមកជំនួសជានិច្ច។ ជាក់ស្តែងដូចជាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤ នេះជាដើម។
សូមបញ្ជាក់ផងដែរថា តាមប្រភពដែលទទួលបានពីប្រជាពលរដ្ឋនៅទីនោះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលេីកឡើងថា លោកមេភូមិ សេក សាត់ នេះ បានអោយកម្លាំង ប្រជាការពារ ដេីរបំភ័យ ប្រជាពលរដ្ឋក្នុងភូមិថា : បេីអ្នកណាម្នាក់ហ៊ានចូលរួមធ្វើការតវ៉ា និងត្រូវផ្ដាច់ទឹក. ភ្លេីង មិនអោយប្រើប្រាស់ឡើយ។
ប្រជាពលរដ្ឋដដែលក៏បានបន្ថែមថា លោកមេភូមិ សេក សាត់ នេះ ប្រជាពលរដ្ឋក៏មិនពេញចិត្ត និងការបំពេញការងារប្រចាំថ្ងៃរបស់គាត់ដែរ ទាក់ទងនឹងភាពអសកម្ម ផ្នែកការងាររដ្ឋបាលផ្សេងៗ និងរឿងពុករលួយជាដើម។ ជាក់ស្តែងដូចព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នេះជាដើម គឺលោកមេភូមិ ហាក់មានចេតនាលំអៀងទៅខាងភាគី លោក អ៊ុក សឿន ដោយលេីកឡើងថា ចាំបាច់អី អោយប្រជាពលរដ្ឋមកច្រើនធ្វេីអី គួរតែអោយតែតំណាងមកបានហើយ ដេីម្បីមេីលការវាស់វែង របស់ជំនាញទៅបានហើយ។
ចំណែកឯភាគីខាងម្ចាស់គំរោងដីឡូត៍ គឺលោក អ៊ុក សឿន ក្រុមការងារយើងខ្ញុំក៏បានទំនាក់ទំនងទៅដេីម្បីសាកសួរពីដំណើររឿង ក៏ដូចជាការបកស្រាយរបស់គាត់ មកកាន់អង្គភាពយេីងខ្ញុំ តែអ្វីដែលគាត់ឆ្លើយតបគឺបាន ប្រេីពាក្យសំដី ខ្លាំងៗ ធ្ងន់ៗ ថា ( រឿងនេះជារឿងរបស់ប្រជាពលរដ្ឋ គឺមិនទាក់ទងនឹងអ្នកសារព័ត៌មានទេ ហើយរឿងនេះទុកអោយ អាជ្ញាធរដោះស្រាយទៅបានហើយ មិនជាប់ទាក់ទងនិងអ្នកសារព័ត៌មានទេ រួចក៏ចុចបិទទូរស័ព្ទចោល ) ។
សំរាប់បញ្ហានេះផងដែរ ក្រុមការងារយើងខ្ញុំបានព្យាយាមស្វះស្វែងរកប្រភពព័ត៌មាន អោយបានគ្រប់ជ្រុងជ្រោយពីគ្រប់ ភាគីពាក់ព័ន្ធ ដេីម្បីសាកសួរពីដំណើរនៃសាច់រឿងនេះ។ អង្គភាពយេីងខ្ញុំ បានទាក់ទងទៅលោក សេក សាត់មេភូមិ ត្រពាំងរំចេក តែមិនអាចទាក់ទងបាន ដោយទូរស័ព្ទ ខលចូលម្ដង រួចចុចបិទ។ រីឯលោក កង វង ចៅសង្កាត់ចោមចៅទី១ បានប្រាប់មកកាន់អង្គភាពយេីងថា រឿងនេះ លោកក៏រង់ចាំ របាយការណ៍ ពីអាជ្ញាធរ ជំនាញសុរិយោដី ខណ្ឌពោធិ៍សែនជ័យផងដែរ ដើម្បីធ្វើការ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីលទ្ធផលនៃការវាស់វែងនេះ។ ចំណែកឯលោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ លោកបានលេីកឡើងតាមរយះទូរស័ព្ទថា លោករង់ចាំរបាយការណ៍ពីមន្ត្រី សុរិយោដីសិន បន្ទាប់មកនិង កោះអញ្ជើញ ភាគីទាំងសងខាង មកធ្វើការដោះស្រាយបន្ត។ សម្រាប់រយៈរង់ចាំនៃលទ្ធផលវាស់វែងនេះ លោកបានលើកឡើងថា មិនអាចកំណត់ថ្ងៃបានទេ។
ជាសំណូមពររបស់ប្រជាពលរដ្ឋទាំង១០៥ គ្រួសារ គឺសូមអោយអាជ្ញាធរ ពាក់ព័ន្ធ មេត្តាជួយស្វែងរកភាពយុត្តិធម៌ សម្រាប់ពួកគាត់ផង ព្រោះនេះជាផលប្រយោជន៍សាធារណៈ មិនមែនជាការតវ៉ាសំរាប់ ប្រយោជន៍បុគ្គលទេ ហើយផ្លូវនេះមានសារៈសំខាន់ណាស់ ដេីម្បីបញ្ជៀសបញ្ហា ហានិភ័យផ្សេងៗ ដូចជា: អគ្គីភ័យ…ល។
ទាក់ទងនិងរឿងរ៉ាវការតវ៉ានេះ អង្គភាពយើងខ្ញុំនិងធ្វើការផ្សាយបន្តបន្ទាប់ទៀត។
ចូលទស្សនាគេហទំព័រ សូមចុច=>www.7makaranews.com
ចេញផ្សាយ: ថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤
អត្ថបទនិងរូបភាពដោយ: ក្រុមការងារអង្គភាព សារព័ត៌មាន គេហទំព័រ ៧មករាញូស៍