January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ បានមានសេរីភាពមុនកាលកំណត់ ក្រោយព្រះមហាក្សត្រលើកលែងទោស។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ បានមានសេរីភាពមុនកាលកំណត់ ក្រោយព្រះមហាក្សត្រលើកលែងទោស។

ប្រទេសថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ -Thaksin Shinawatra- ស្ថិតនៅក្នុងចំណោមអ្នកទោសដែលទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ និងត្រូវរួចទោសទណ្ឌនៅថ្ងៃអាទិត្យ (ទី១៨ ខែសីហា) នេះបើយោងតាមការបញ្ជាក់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន -Reuters- កាលពីថ្ងៃសៅរ៍ ដោយលោកមេធាវី វីនយ៉ាត់ ឆាតម៉ុន្ទ្រី ។
ជាក់ស្តែង ការលើកលែងទោសចំពោះលោក ថាក់ស៊ីន នឹងត្រូវបញ្ចប់នៅចុងខែនេះ ប៉ុន្តែការដែលរួចទោសទណ្ឌមុនកាលកំណត់បែបនេះ គឺជាផ្នែកមួយនៃការលើកលែកទោសរបស់ព្រះមហាក្សត្រ ក្នុងចំណោមអ្នកទោសចំនួន ៧,៥០០ នាក់ផ្សេងទៀត (ដែលប្រព្រឹត្តល្អ) អំឡុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ មហា វ៉ាជីរ៉ាឡុងកន កាលពីខែមុន ។

មហាសេដ្ឋីវ័យ ៧៥ ឆ្នាំរូបនេះ បានវិលត្រលប់ចូលទៅកាន់ប្រទេសថៃឡង់ដ៍វិញ នៅឆ្នាំ ២០២៣ ក្រោយនិរទេសខ្លួនឯងនៅឯបរទេសរយៈពេល ១៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨ ។
ក្រោយវិលចូលប្រទេស លោកថាក់ស៊ីន រងការកាត់ទោសពីបទរំលោភបំពានអំណាច និងទំនាស់ផលប្រយោជន៍ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ ឆ្នាំ ក្រោយមកទទួលបានការសម្រាលទោសពីព្រះមហាក្សត្រ ឱ្យលោកត្រូវជាប់ពន្ធនាគារមួយឆ្នាំជំនួសវិញ ។

លោកបានចំណាយពេល ៦ ខែនៅក្នុងមន្ទីរពេទ្យយោធា ជំនួសឱ្យការជាប់ឃុំឃាំងក្នុងពន្ធនាគារដោយសារតែបញ្ហាសុខភាព និងទទួលបានការអនុញ្ញាតឱ្យមានសេរីភាពឡើងវិញជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រោមលក្ខខណ្ឌអាយុ និងសុខភាព ។

កាលពីថ្ងៃសុក្រ សមាជិកសភាថៃ បានបោះឆ្នោតជ្រើសរើសលោកស្រី ផេថុងថាន ស៊ីណាវ៉ាត់ វ័យ ៣៧ ឆ្នាំ ដែលត្រូវជាកូនស្រីពៅរបស់លោក ឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃឡង់ដ៍ បន្ទាប់ពីលោកសេដ្ឋា ថៈវីស៊ីន ត្រូវតុលាការធម្មនុញ្ញ ដកហូតតំណែង ព្រោះតែតែងតាំងមេធាវីធ្លាប់ជាប់ពន្ធនាគារ ឱ្យកាន់តំណែងនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ។

គួររំឮកថា នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ព្រះមហាក្សត្រថៃ នឹងព្រះប្រទានការយល់ព្រមជាមុនសិន មុននឹង លោកស្រី ផេថុងថាន ក្លាយជានាយករដ្ឋមន្ត្រីទី ៣១ ជាផ្លូវការ និងជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសថៃឡង់ដ៍ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.