ឯកឧត្តម នេត្រ ភក្រ្តា៖ បង្កើនប្រសិទ្ធភាពស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយ « បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធិភាព និងប្រសិទ្ធផល »
ឯកឧត្តម នេត្រ ភក្រ្តា៖ បង្កើនប្រសិទ្ធភាពស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយ « បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធិភាព និងប្រសិទ្ធផល »
ថ្ងៃចេញផ្សាយៈ ខែសីហា 23, 2024
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ បង្កើនប្រសិទ្ធភាពស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយ « បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធិភាព និងប្រសិទ្ធផល » ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន ធានាបានសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម គឺជាចំណុចសំខាន់នៅក្នុងសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២៤ -២០២៥,
សៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២៤ -២០២៥ ត្រូវបានរៀបចំចងក្រងបោះពុម្ពឡើងដោយ គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ហើយត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើការប្រកាស និងចែកជូនដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អគ្គនាយកដ្ឋានទាំង៥ និងបណ្តាមន្ទីរព័ត៌មានទាំង២៥ ខេត្ត រាជធានី យកទៅអនុវត្តន៍ដើម្បីបង្កើននិងពង្រឹងប្រសិទ្ធិភាពការងារក្នុងនាមជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ។
ការចែកជូនសៀវភៅនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពនៃកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំរបស់ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ្ត្រា បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងព័ត៌មាន គឺជាផែនការអាណត្តិកាលសម្រាប់រយៈពេល ៥ឆ្នាំ ដែលត្រូវបានរៀបចំដើម្បីចូលរួមលើកកម្ពស់ការដ្ឋានកំណែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងគោលបំណងជំរុញការកសាងនិងអភិវឌ្ឍធនធានមនុស្ស រក្សានូវសណ្តាប់ធ្នាប់សារព័ត៌មាន បង្កើនគុណភាពមាតិកា ខ្លឹមសារនិង ការផលិត គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍របស់ក្រសួងព័ត៌មាន ត្រូវបានបង្កើតដើម្បីដឹកនាំ និងតម្រង់ទិសការសិក្សាស្រាវជ្រាវ និង រៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ ព្រមទាំងវិភាគ ផ្តល់យោបល់ និងផ្តល់ទស្សនាទានលើបញ្ហា ប្រឈម និងឱកាស ផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច សង្គមនិងនយោបាយ ដើម្បីពង្រីកសក្តានុភាព តាមរយៈការរៀបចំកម្មវិធី/សកម្មភាពឆ្លើយតបនឹងតម្រូវការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំ ឡើងដើម្បីកំណត់ពីការរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០២៤-២០២៨។
ក្នុងន័យនេះ ក្រសួងព័ត៌មាន បានកំណត់នូវទិសដៅយុទ្ធសាស្រ្តចំនួន ៥ គឺ ទី(១). ការ ធ្វើទំនើបកម្មស្ថាប័ននិងការកសាងរដ្ឋបាលទំនើប ទី(២). ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ ទី (៣). ការអភិវឌ្ឍធនធានមនុស្សនិងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ទី(៤). ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងទី(៥). ការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។
ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំដោយបានបន្ស៊ីគ្នាជាមួយផែនការយុទ្ធសាស្ត្រថវិការបស់ ក្រសួងព័ត៌មាន និងជាមូលដ្ឋានសម្រាប់គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្នុងការរៀបចំផែនការ សកម្មភាពនិងសំណើថវិកាប្រចាំឆ្នាំផងដែរ ៕