January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ប្រជាពលរដ្ឋនិងព្រះសង្ឃប្តឹងម្ចាស់សិប្បកម្មឆ្លាក់ថ្មម៉ាបទៅអាជ្ញាធរករណីឆាបថ្មបង្កសំលេងរំខាននិងហុយធូលីថ្មប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមអ្នករស់នៅជុំវិញទីនោះ។

ប្រជាពលរដ្ឋនិងព្រះសង្ឃប្តឹងម្ចាស់សិប្បកម្មឆ្លាក់ថ្មម៉ាបទៅអាជ្ញាធរករណីឆាបថ្មបង្កសំលេងរំខាននិងហុយធូលីថ្មប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមអ្នករស់នៅជុំវិញទីនោះ។

ភ្នំពេញ : សិប្បកម្មឆ្លាក់ថ្មម៉ាប មួយកន្លែង ដែលមានយីហោឈ្មោះ ( ពី អានស្រូយ 98 ) ដែលមានទីតាំងស្ថិតនៅ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ ផ្ទុះការតវ៉ា និងបានដាក់ពាក្យបណ្ដឹង ទៅអាជ្ញាធរ ដើម្បីអោយមានចំណាត់ការលើ សិប្បកម្មមួយនេះ ព្រោះបានបង្កការរំខាន សំលេងឆាបថ្ម និងមានហុយកំទេចថ្មម៉ាប ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅក្បែរខាងយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ ១ ផងដែរ។

យោងតាមការលើកឡើង របស់ប្រជាពលរដ្ឋម្នាក់ ដែលមានទីលំនៅជាប់ទីតាំងសិប្បកម្ម នេះផ្ទាល់ឈ្មោះ ប្រាក់ រ៉ាឌី ភេទស្រី ដែលតំណាងឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរសិប្បកម្មនេះ បានលើកឡើងថា :
– ទីតាំងសិប្បកម្មឆ្លាក់ថ្មម៉ាបនេះ តែងតែបង្កសំលេងរំខានដល់អ្នករស់នៅក្បែរខាង ពិសេសគឺមានផ្សែងកំទេច នៃការឆាបថ្មម៉ាប ហុយចេញមកខាងក្រៅយ៉ាងច្រើន ប៉ះពាល់ដល់សុខភាព អ្នករស់នៅជិតខាង។ ហើយការដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរនេះ គឺសុំត្រឹមអោយ ម្ចាស់សិប្បកម្ម ឆាបថ្មម៉ាបនេះ ផលិតនៅទីតាំងផ្សេងដែលមិនរំខានជាសំឡេង និង មិនប៉ះពាល់ដល់បរិស្ថានជុំវិញ រួចចាំដឹកជញ្ជូនយកមកដំឡើងនៅទីតាំងនេះវិញ ដើម្បីកាត់បន្ថយនៃផលប៉ះពាល់។ សូមបញ្ជាក់ផងដែរថា សិប្បកម្មមួយកន្លែងនេះ ក៏មានទីតាំងជាប់នឹងខ្លោងទ្វារចូលវត្ត ពុទ្ធស្ថាន ផងដែរ។ ហើយតាមការលើកឡើងរបស់លោកតាអាចារ្យ គណៈកម្មការវត្ត ជាអ្នករៀបចំកម្មវិធីបុណ្យផ្សេងៗ ក្នុងវត្ត ក៏លោកបានបញ្ជាក់ប្រាប់ ដូចគ្នានឹងប្រជាពលរដ្ឋ ដែលរស់នៅទីតាំងនោះ គឺពិតជាមានហុយផ្សែងកំទេចថ្មម៉ាប នេះប្រាកដមែន និងតាមការជម្រាបជូនពី ពុទ្ធបរិស័ទ ដែលធ្វើដំណើរ ចេញចូល ក្នុងបរិវេណវត្ត រួមទាំងប៉ះពាល់ ដល់ការនិមន្ត ចេញចូល របស់ព្រះសង្ឃផងដែរ ពិសេសគឺរដូវ នេះផ្ទាល់ គឺជារដូវ នៃការចូលព្រះវស្សាផង គឺប៉ះពាល់ដល់ ពុទ្ធបរិស័ទ ក្នុងការចូលយកចង្ហាន់ប្រគេនព្រះសង្ឃ ដែលកំពុងរង់ចាំព្រះវស្សាក្នុងវត្ត ពុទ្ធស្ថាន នេះផ្ទាល់តែម្តង។

ដោយសារតែការប៉ះពាល់(ហុយធូលីកំទេចថ្ម និងឮសំឡេងរំខាននេះហើយ ដែលប្រជាពលរដ្ឋ បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ ដើម្បីអោយមានដំណោះស្រាយ ជាមួយម្ចាស់សិប្បកម្មឆ្លាក់ថ្មម៉ាបនេះ។ តាមការលើកឡើងបន្ថែមរបស់បងស្រី ប្រាក់ រ៉ាឌី បានអោយដឹងថា ពេលគាត់ឃើញសកម្មភាពឆាបថ្មម៉ាបនេះ ហើយបានប្រាប់និង ស្នើសុំ អោយម្ចាស់សិប្បកម្មនេះ បញ្ឈប់សកម្មភាព តែបែជាម្ចាស់សិប្បកម្ម បានប្រើប្រាស់ពាក្យពេចន៍ មិនសមរម្យដាក់ ( ជេរប្រមាថមកលើគាត់ថែមទៀត) និងបានចោទប្រកាន់ថាបងស្រី ប្រាក់ រ៉ាឌី នេះជាមនុស្សឆ្កួតថែមទៀតផង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៤ នេះពេលអាជ្ញាធរខណ្ឌ បានចុះពិនិត្យនៅទីតាំងផ្ទាល់ គឺភាគីម្ចាស់សិប្បកម្មឆ្លាក់ថ្មម៉ាបនេះ បានប្រើប្រាស់កាយវិការមិនសមរម្យដាក់គឺ ( ចង្អុលមុខគាត់ នៅចំពោះមុខអាជ្ញាធរតែម្ដង )។


ទាក់ទងនិងបញ្ហានេះ អង្គភាពសារព័ត៌មានយើងងខ្ញុំ បានធ្វើការសាកសួរ និងទំនាក់ទំនង សុំការបំភ្លឺពីអាជ្ញាធរ ខណ្ឌច្បារអំពៅ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងធ្វើការផ្សព្វផ្សាយព័ត៌មានអោយមានតម្លាភាពជូនដល់ថ្នាក់ដឹកនាំបានទទួលជ្រាបក៏ដូចជាសាធារណជនផងដែរ។ ហើយតាមការលើកឡើង របស់លោក ម៉ៅ ចាន់សែ មេភូមិវាលស្បូវ បានបញ្ជាក់ថា ជុំវិញបញ្ហានេះ ក្នុងនាមអាជ្ញាធរភូមិបានចូលរួមសម្របសម្រួលជាមួយ អាជ្ញាធរសង្កាត់និងខណ្ឌចំនួន៤លើករួចមកហើយ ប៉ុន្តែភាគីទាំងសងខាង មិនបានឯកភាពគ្នាទេ។ រីឯចំពោះការបំភ្លឺរបស់លោក តុប សុច ចៅសង្កាត់រងទី១ក៏បានប្រាប់មកកាន់ អង្គភាពសារព័ត៌មានយើងខ្ញុំ ដូចនិងលោកមេភូមិវាលស្បូវដែរ គឺលោកបានចូលរួមជាមួយអាជ្ញាធរខណ្ឌ ធ្វើការសម្របសម្រួលច្រើនលើកមកហើយ តែភាគីទាំងសងខាង មិនបានឯកភាពគ្នាដែរ។ បន្ទាប់មកអង្គភាពយើងងខ្ញុំបាន ស្មើសុំការបំភ្លឺពីលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ លោកបានប្រាប់ថា អោយទាក់ទងទៅលោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌ ព្រោះលោក អភិបាលរង ជាអ្នកដឹកនាំក្រុមការងារចុះទៅពិនិត្យទីតាំងផ្ទាល់។ ហើយតាមការបំភ្លឺរបស់លោក ញាណ ច័ន្ទសោភាបានបញ្ជាក់ប្រាប់មកកាន់អង្គភាពយើងខ្ញុំថា : ទាក់ទងនឹងរឿងរ៉ាវនេះ គឺលោកបានចុះមកដល់ទីតាំង និងបានធ្វើកំណត់ហេតុ សម្របសម្រួលចំនួន៤ លើករួចមកហើយដែរ ប៉ុន្តែភាគីទាំងសងខាង មិនបានឯកភាពគ្នាទេ ហើយលោកក៏បានលើកឡើងបន្ថែមផងដែរថា លោកនឹងខិតខំអោយអស់ពីលិទ្ធភាពក្នុងការដោះស្រាយលើបញ្ហានេះ។ លោកអភិបាលរង ក៏បានបញ្ជាក់បន្ថែមថា ទីតាំងសិប្បកម្មឆ្លាក់ថ្មម៉ាបនេះ គឺមានច្បាប់អនុញ្ញាតិត្រឹមត្រូវនៃការប្រកបអាជីវកម្ម ប៉ុន្តែពាក់ព័ន្ធនិងបញ្ហាដែលប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹមក អាជ្ញាធរលោកនិងសម្របសម្រួលជាមួយម្ចាស់សិប្បកម្មអោយពិនិត្យលើឧបករណ៍បច្ចេកទេស នៃការឆាបថ្មនេះ ដើម្បីកាត់បន្ថយការរំខាននៃសំលេង និងផ្សែងហុយកំទេចឆាបថ្មម៉ាបនេះមកក្រៅ ដែលប៉ះពាល់ដល់បរិស្ថានជុំវិញ។ លោកបានបន្ថែមថា ខាងអាជ្ញាធរខណ្ឌនិងចេញលិខិតកោះអញ្ជើញ ភាគីទាំងសងខាង មកពិភាក្សារកដំណោះស្រាយ នៅសាលាខណ្ឌច្បារអំពៅ ក្នុងពេលឆាប់ៗនេះ។

ដើម្បីធ្វើការចុះផ្សាយអោយមានតម្លាភាព ស្របតាមរបបសារព័ត៌មាន ដែលមានវិជ្ជាជីវៈ អង្គភាពសារព័ត៌មាន ៧មករាញូស៍យើងខ្ញុំ ក៏បានធ្វើការសាកសួរ និងសុំការបំភ្លឺ ពីម្ចាស់សិប្បកម្ម (ពី អានស្រូយ) ផងដែរ! ហើយម្ចាស់សិប្បកម្មក៏បានឆ្លើយតបមកថា ពីមុនគឺគាត់ពិតជាបាន ធ្វើការឆាបថ្មម៉ាបនេះ នៅខាងមុខផ្ទះមែន ប៉ុន្តែបន្ទាប់ពីអាជ្ញាធរចុះមកពិនិត្យ និងណែនាំ គាត់ក៏បានយល់ព្រមដាក់ម៉ាស៊ីនឆាបថ្មនេះ ទៅខាងក្នុងផ្ទះវិញ។ ម្ចាស់សិប្បកម្មក៏បានបន្ថែមថា ការឆាបថ្មម៉ាបនេះ គឺអាចមានហុយផ្សែងធូលី នៅតែក្នុងផ្ទះគាត់ផ្ទាល់ និងបន្តហុយ តែទៅលើផ្លូវថ្នល់ប៉ុណ្ណោះ ហើយគាត់ក៏បានបាញ់ទឹក និងដាក់រនាំងបាំងមិនអោយហុយ ប៉ះពាល់ដល់អ្នកជិតខាងដែរ។ ហើយគាត់ក៏បន្ថែមថាអោយអ្នកសារព័ត៌មានយើងខ្ញុំ គួរតែពិនិត្យមើលតាម ផ្លូវជាតិលេខ១ផងថាក៏មានឡានដឹកខ្សាច់ធំៗ បើកបរឆ្លងកាត់ហុយដូចគ្នា ហើយហេតុអ្វីត្រឹមគាត់ឆាបថ្មប៉ុណ្ណេះ បែជាត្រូវអ្នកជិតខាងដាក់ពាក្យបណ្ដឹងទៅវិញ? តាមការសន្ទនាសាកសួរជាមួយម្ចាស់សិប្បកម្មតាមរយៈទូរស័ព្ទ ម្ចាស់សិប្បកម្មក៏បានប្រើពាក្យបែបមិនសមរម្យ និយាយគំហកធ្ងន់ៗ មកថាតើបានលេខទូរស័ព្ទគាត់មកពីណា អ្នកណាជាអ្នកអោយ ! ហើយបានគំរាមកំហែងមកកាន់អង្គភាពយើងខ្ញុំថា បើមិនមានការអនុញ្ញាតិពីគាត់ទេ គឺមិនអាចធ្វើការចុះផ្សាយបានទេ។ ហើយម្ចាស់សិប្បកម្មបានបន្ថែមថាអោយអង្គភាពយើងខ្ញុំ ចុះទៅយកព័ត៌មាន និងសំភាសន៏ជាមួយគាត់ដល់ផ្ទះតែម្ដងទៅ ដើម្បីអោយឃើញថា មានផ្សែងហុយមែន រឺក៏អត់ កុំឱ្យជឿតែម្ខាង និងបានប្រើប្រាស់ ពាកម៉ាក់ងាយមកកាន់អង្គភាពយើងខ្ញុំថា ជាអ្នកសារព័ត៌មានស៊ីឈ្នួល ក្នុងការចុះផ្សាយព័ត៌មាន។ ហើយគាត់បានសួរមកកាន់យើងងខ្ញុំថា តើភាគីដើមបណ្ដឹង អោយប្រាក់ មកកាន់អង្គភាពក្នុងតម្លៃប៉ុន្មាន ! គាត់និងហ៊ានឲ្យលើសនេះ ហើយស្នើអោយអង្គភាពយើងខ្ញុំ ធ្វើការចុះផ្សាយពីភាគីខាងគាត់វិញទៅ ( ដោយក្នុងស្ថានភាពភាគីម្ចាស់សិប្បកម្មកំពង់មានអារម្មណ៍ខឹង ឆេវឆាវ ដូចនេះភ្នាក់ងារអង្គភាពយើងខ្ញុំ មិនអាចចុះទៅសំភាសន៍ជាមួយ ម្ចាស់សិប្បកម្មផ្ទាល់បានទេ ក្រែងមានការប៉ះទង្គិចគ្នាដោយប្រការណាមួយ) ។


បន្ទាប់មកម្ចាស់សិប្បកម្មបានប្រាប់មកកាន់អង្គភាពយើងខ្ញុំថា បើចង់បានការបំភ្លឺបន្ថែម អោយទាក់ទងទៅភរិយាគាត់វិញ ដោយសារគាត់ជាប់រវល់ រួចក៏បិទទូរស័ព្ទចោលតែម្ដង។

ជាចុងក្រោយតំណាងប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ និងលោកតា អាចារ្យវត្ត ដែលគង់នៅវត្ត ពុទ្ធស្ថាន សូមសំណូមពរដល់អាជ្ញាធរខណ្ឌច្បារអំពៅ ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលមានទីលំនៅនៅក្បែរសិប្បកម្មឆ្លាក់ថ្មម៉ាបនេះផង ដោយឈរលើគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ដើម្បីទទួលបាន បរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ ក្នុងសហគមន៍ ដែលរស់នៅក្រោមដំបូលសុខសន្តិសុខតែមួយ។

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.