សហគមន៍ព្រៃឈើពោធិ៍មែកបួន បានរៀបចំកម្មវិធីអបអរសាទរ ពិធីរុក្ខទិវា ៩ កក្កដា ២០២០ ដាំកូនឈើចំនួន១២៧០០ដើម ដើម្បីស្តារព្រៃឈើ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។
ព្រះវិហារ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០
សហគមន៍ព្រៃឈើ (ពោធិ៍មែកបួន) បានរៀបចំកម្មវិធីដាំស្តារព្រៃឈើ និងផែនទី ទេស ភាព ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា ៩ កក្កដា ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក ព្រឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក អនុប្រធានមន្ទីបរិស្ថានខេត្ត លោកអភិបាលស្រុកគូលែន លោកនាយខណ្ឌ រដ្ឋបាល ព្រៃឈើ ព្រះវិហារ មន្ត្រីសង្កាត់-ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងប្រជាសហគមន៍ ព្រៃឈើ ពោធិ៍មែកបួន កាលពីថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្ទៃដីសហគមន៍ស្ថិតក្នុង ភូមិព្យួរជ្រូក ឃុំគូលែន ជើង ស្រុកគូលែន ខេត្តព្រះវិហា។
លោក ព្រឹង ទ្រីដា បានឱ្យដឹងថា ដោយបានការឧបត្ថមពីអង្គការស្បៀង និងកសិកម្ម FAO កម្មវិធីនេះសហការរៀបចំដោយ គម្រោងជីវិតនិងធម្មជាតិ បានដាំកូនឈើចំនួន ១២៧០០ដើម បញ្ចូលក្នុងព្រៃសហគមន៍ លើផ្ទៃដីចំនួន២០ហិកតា មានប្រភេទឈើធ្នង់ បេង អង្កាញ់ ស្តៅ រងទឹកសណ្តាញ់ដើម្បីការពារទីជម្រាល។
ឆ្លៀតក្នុងឱកាសនេះ លោកបានរម្លឹកជូនអំពីទស្សនវិស័យ និងព្រះរាជបញ្ញាញាណ ដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា” នេះឡើងតាមរយៈព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ ព្រះអង្គបានបណ្តុះនូវស្មារតីដល់កូនចៅគ្រប់ៗរូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ហើយព្រះអង្គមានព្រះរាជបន្ទូលថា ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមាន ចំពោះវិស័យកសិកម្ម និង មនុស្សជាតិ ៕
ប្រភព៖ www.information.gov.kh