ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានជំរុញឱ្យស្វែងរកអតីតយុទ្ធជនកម្សត់ គ្មានទីជម្រកនៅ ដើម្បីរៀបចំធ្វើផ្ទះ និងប្រគល់ដីជូនពួកគាត់បានរស់មានជីវភាពសមរម្យនឹងគេ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
បន្ទាប់ពីត្រូវបានប្រកាសតែងតាំង និងប្រគល់តួនាទីជាអនុប្រធាន និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនសម្រាប់អាណត្តិថ្មី លោកទេសរដ្ឋមន្ត្រី គន់ គីម បានបើកកិច្ចប្រជុំជាមួយតំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទូទាំង២៥រាជធានី-ខេត្ត។ កិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយទិសដៅ និងផែនការងារ ដែលសមាគមបានដាក់ចេញសម្រាប់អាណត្តិថ្មី ព្រមទាំងណែនាំនូវអនុសាសន៍ណែនាំមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមដែលជាអ្នកប្រតិបត្តិការងារផ្ទាល់នោះ បានថ្លែងអំណរគុណដល់តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីសមាគមទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយរាល់បញ្ហា និងសម្រេចបាននូវសមិទ្ធផលល្អប្រសើរជូនដល់អតីតយុទ្ធជនកម្ពុជាក្នុងអាណត្តិកន្លងទៅ។ លោក គន់ គីម ក៏បាននាំយកនូវប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះថ្នាក់ដាកនាំ មន្ត្រី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារបម្រើសមាជិក សមាជិកអតីតយុទ្ធជន។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សមិទ្ធិផលការងារដែលសមាគម ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅតាមមូលដ្ឋានប្រឹងប្រែងរួមគ្នាសម្រេចបាននៅក្នុងអាណត្តិចាស់កន្លងទៅនេះ ទទួលបានការពេញចិត្តពេញថ្លើម និងសរសើរខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម»។ ទន្ទឹមនឹងបង្ហាញនូវការលើកសរសើររបស់សម្តេចតេជោ ហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកយកនូវប្រសាសន៍ក្រើនរំលឹកដាស់តឿនរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់មន្ត្រីសមាគម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធឱ្យខិតខំរួមគ្នាដោះស្រាយរាល់បញ្ហារបស់សមាជិកអតីតយុទ្ធជនឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតនៅក្នុងអាណត្តិថ្មី។ «ទន្ទឹមនឹងការលើកសរសើរសម្តេចប្រធាន លោកក៏បានក្រើនរំលឹមឱ្យពួកយើងប្រឹងប្រែងបន្តទៀត ដើម្បីសម្រេចបានសមិទ្ធផលបានកាន់តែប្រសើរថែមទៀតជូនដល់បងប្អូនអតីតយុទ្ធជន។ ដូច្នេះសម្រាប់អាណត្តិថ្មីយើងក៏ត្រូវតែបន្តប្រឹងប្រែងរួមគ្នាបំពេញការងារនេះឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចតាមបំណងរបស់សម្តេចប្រធាន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម។
លោកអគ្គលេខាធិការសមាគមអតីយុទ្ធជន បានលើកឡើងថា ការងារអាទិភាពរបស់សមាគមនៅក្នុងអាណត្តិថ្មីនេះ គឺការប្រឹងប្រែងធ្វើបច្ចុប្បន្នភាពសមាជិកសមាគម ដោយកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ ដើម្បីអតីតយុទ្ធជនទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដែលជាគោលនយោបាយផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញឱ្យស្វែងរក និងកំណត់អត្តសញ្ញាណអតីតយុទ្ធជន ដែលជួបការលំបាកខ្លាំងគ្មានផ្ទះសម្បែង ដើម្បីរៀបចំធ្វើផ្ទះសម្បែងជូនពួកគាត់ ក៏ដូចជាផ្តល់ដីធ្លីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោក គន់ គីម ក៏បានណែនាំដល់មន្ត្រីសមាគមនៅទូទាំងខេត្ត ឱ្យប្រឹងប្រែងរួមគ្នាផ្សព្វផ្សាយ និងទប់ស្កា ត់កុំឱ្យមានការរំលោ ភយកដីសង្គមកិច្ចដែលរាជរដ្ឋាភិបាលផ្តល់ជូនសមាគម ដើម្បីទុកបែងចែកជូនដល់អតីតយុទ្ធជនកម្ពុជា។
ក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី គន់ គីម បានបង្ហាញក្តីរំពឹងមុតមាំថា ថ្នាក់ដឹកនាំសមាគមទាំងអស់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងប្រឹងប្រែងអស់កម្លាំងកាយចិត្តនៅក្នុងអាណត្តិថ្មីនេះ ដើម្បីសម្រេចបាននូវសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់អតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់សម្រាប់ជាតិមាតុភូមិ៕
ប្រភព៖ www.langveknews.com