January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ប្រទេសមហាអំណាច សហរដ្ឋអាមេរិកកាន់តែដាក់សម្ពាធទៅលើអ្នកម៉ៅការ របស់អឺរ៉ុបសម្រាប់គម្រោង Nord Stream 2

ប្រទេសមហាអំណាច សហរដ្ឋអាមេរិកកាន់តែដាក់សម្ពាធទៅលើអ្នកម៉ៅការ របស់អឺរ៉ុបសម្រាប់គម្រោង Nord Stream 2

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

កាសែត Die Welt របស់អាល្លឺម៉ង់ បានរាយការណ៍ដោយយោងទៅលើប្រភពនានាថា អាជ្ញាធរសហរដ្ឋអាមេរិកបានបង្កើនសម្ពាធទៅលើអ្នកម៉ៅការរបស់អឺរ៉ុបក្នុងការសាងសង់បំពង់បង្ហូរឧស្ម័ននៃគម្រោង Nord Stream 2 កាលពីពេលថ្មីៗនេះ ដោយគំរាមកំហែងជាមួយនឹងផលវិបាកមួយចំនួន ប្រសិនបើពួកគេនៅតែបន្តសហប្រតិបត្តិការជាមួយគម្រោងនេះ។

យោងតាមកាសែតនេះបានឱ្យដឹងថា អាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ផ្តើមបើកកិច្ចពិភាក្សាទ្វេភាគីតាមរយៈសន្និសីទវីដេអូជាមួយអ្នកតំណាងក្រុមហ៊ុនម៉ៅការគម្រោង Nord Stream 2 មកពីប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសដទៃទៀតនៅអឺរ៉ុប។ សរុបអ្នកចូលរួមទាំងអស់រួមមានមន្ត្រី ១២នាក់មកពីក្រសួងចំនួន ៣ គឺក្រសួងការបរទេស ក្រសួងរតនាគារ និងក្រសួងថាមពលរបស់សហរដ្ឋអាមេរិកដែលបានចូលរួម។

ប្រភពរបស់កាសែតនេះបានកត់សម្គាល់ថា អ្នកតំណាងមកពីសហរដ្ឋអាមេរិកបានផ្តល់សញ្ញាថា ពួកគេចង់រារាំងការបញ្ចប់ការកសាងបំពង់បង្ហូរឧស្ម័ននេះ។ ទន្ទឹមនឹងនេះដែរ ប្រភពនានាបានចាត់ទុកការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោននេះថា ជារឿងដ៏ធ្ងន់ធ្ងរបំផុតមួយ។

កាលពីថ្ងៃអង្គារ សភាតំណាងរាស្រ្តនៃសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ ស្តីពីការផ្តល់សិទ្ធិការពារជាតិសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ (ចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា) ដែលមានកាតព្វកិច្ចរដ្ឋបាលដើម្បីដាក់ទណ្ឌកម្មតឹងរ៉ឹងប្រឆាំងនឹងគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 និងគម្រោងបំពង់បង្ហូរឧស្ម័ន TurkStream របស់ប្រទេសរុស្ស៊ី។ វាបានបញ្ជាក់នូវការដាក់កម្រិតទៅលើជនបរទេសដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលក់ ជួល ឬការផ្តល់នាវាសម្រាប់ដាក់បំពង់បង្ហូរដែលមានបំណងសម្រាប់សាងសង់គម្រោង Nord Stream 2 និងគម្រោង TurkStream ។

គម្រោង Nord Stream 2 ត្រូវបានពិចារណាអំពីការបង្កើតខ្សែបំពង់បង្ហូរឧស្ម័នចំនួន ២ ដែលមានសមត្ថភាពសរុប ៥៥ប៊ីលានម៉ែត្រគូបក្នុងមួយឆ្នាំ ពីប្រទេសរុស្ស៊ីទៅប្រទេសអាល្លឺម៉ង់ឆ្លងកាត់សមុទ្រ បាល់ទិក។ បំពង់បង្ហូរឧស្ម័ននេះសម្រេចការសាងសង់បាន ៩៣ភាគរយហើយ។ ការស្ថាបនានេះត្រូវបានផ្អាកកាលពីចុងឆ្នាំ ២០១៩ នៅពេលដែលក្រុមហ៊ុនដំឡើងបំពង់បង្ហូររបស់ប្រទេសស្វីស Allseas បញ្ឈប់ការងារដោយសារការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក៕

ប្រភព៖www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.