លោក ចាន់ វីរៈ ខណៈកំពុងជោគជ័យចិញ្ចឹមចៀមលក់សាច់ និងមានបំណងប្រែក្លាយទៅជាកសិដ្ឋានកសិទេសចរណ៍
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
ទោះបីប្រទេសកម្ពុជាមិនទាន់មានអ្នកចិញ្ចឹមសត្វចៀមច្រើននៅឡើយ ដោយសារចៀមជាប្រភេទសត្វរើស អាកាសធាតុ និងពិបាកថែទាំនោះក៏ដោយក៏យុវជន ប៊ុន ចាន់វីរៈ កសិករវ័យអាយុ២៥ឆ្នាំ បានបញ្ជាក់ឱ្យដឹងថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងនៅថ្ងៃទី០៩ សីហា ឆ្នាំ២០២០ថា ការចិញ្ចឹមចៀមមិនមានការលំបាក ហើយកម្ពុជាក៏អាចចិញ្ចឹមបាន និងទទួលបានផលពីការចិញ្ចឹមនេះទៀតផង។
លោក ចាន់ វីរៈ បានអះអាងទៀតថា ការដែលគាត់សម្រេចចិត្តចាប់ផ្ដើមចិញ្ចឹមចៀម ក្នុងគោលបំណង ច្នៃជាកសិដ្ឋានកសិទេសចរណ៍ មានបន្លែនិងចិញ្ចឹមសត្វ នៅក្នុងកសិដ្ឋានរបស់លោកក្នុងខេត្តកំពង់ឆ្នាំង។
សម្រាប់ការចិញ្ចឹមសត្វចៀម យុវជនរូបនេះបានចាប់ផ្ដើមចិញ្ចឹមចៀមនៅឆ្នាំ២០១៧កាលនោះត្រឹមមេ ១០ក្បាល និងឈ្មោល ១ក្បាល ហើយមូលហេតុសម្រេចចិត្តចិញ្ចឹមចៀម ព្រោះមានបំណងបង្កើតកន្លែង កសិទេសចរណ៍ ។
លោក ចាន់ វីរៈ ដែលមាន ស្រុកកំណើត នៅស្រុកទឹកផុស បានបន្តអះអាងថា គោលដៅ របស់ខ្លួន លោកកំពុងជោគជ័យជាមួយការចិញ្ចឹមសត្វចៀម លក់សាច់ ។ បច្ចុប្បន្នមានសត្វចៀមប្រមាណ ១០០ក្បាល ក្នុងកសិដ្ឋានរបស់លោក និងកំពុងរៀបចំប្រព័ន្ធទឹកស្រោចស្រព ដើម្បីដាំបន្លែ ជាគោលដៅប្រែក្លាយជាតំបន់កសិទេសចរណ៍។
ទោះបីមិនមានជំនាញខាងកសិកម្មក៏ពិតមែន តែយុវជនរូបនេះ បានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីស្រាវជ្រាវពីវិធីសាស្ត្រ ចិញ្ចឹមសត្វចៀម ពីបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ។ លោកធ្លាប់ជួបបញ្ហាមួយចំនួនដោយមិនទាន់ស្គាល់ច្បាស់ ពីការចិញ្ចឹមចៀម់និងធ្វើឱ្យសត្វចៀមរបស់លោកងាប់ ។
លោក ចាន់ វីរៈ បញ្ជាក់ថា បច្ចុប្បន្នគម្រោងកសិដ្ឋានទេសចរណ៍ របស់លោកមិនទាន់ចេញជារូបរាងនោះទេ ប៉ុន្តែកំពុងជោគជ័យក្នុងការចិញ្ចឹមចៀមសាច់។ ជុំវិញករណីការខិតខំរបស់យុវជនខាងលើ បង្ហាញឱ្យឃើញពីឆន្ទៈកូនខ្មែរ ខ្មែរអាចធ្វើបាន ដែលត្រូវបានខាងជំនាញស្ថាប័នពាក់ព័ន្ធបន្តលើកទឹកចិត្ត ជំនួយស្មារតី ផ្តល់បទពិសោធន៍ ដើម្បីឱ្យមុខរបរមួយនេះកាន់តែរីកចម្រើន៕
ប្រភព៖www.information.gov.kh