គ្រឹះស្ថានអប់រំណា ដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងនឹងធ្វើការផ្អាកដំណើរការភ្លាម
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
ភ្នំពេញ៖ បន្ទាប់ពីអនុញ្ញាតឱ្យវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបើកដំណើរប្រឡងបញ្ចប់ការការពារសារណារបស់សិស្សឡើងវិញ ចំពោះគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈចង់បើកដំណើរការឡើងវិញ ត្រូវជូនដំណឹងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុនសិន ដើម្បីឲ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងចុះត្រួតពិនិត្យតាមដាននិងវាយតម្លៃមុននឹងអនុញ្ញាតឲ្យបើកដំណើរការ។ នេះតាមការបញ្ជាក់របស់លោកបណ្ឌិត ពេជ សោភ័នរដ្ឋលេខាប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្នុងឱកាសចុះពិនិត្យមើលដំណើរធ្វើសារណាដើម្បីប្រឡងបញ្ចប់ការសិក្សារបស់និស្សិតកម្រិតបរិញ្ញាផ្នែកវិស្វករ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០កន្លងទៅ លោកបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ថា ក្រសួងការងារបានអនុញ្ញាតឲ្យវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបើកដំណើរប្រឡងបញ្ចប់ការការពារសារណារបស់សិស្សនិស្សិតឡើងវិញ បន្ទាប់ពីវិទ្យាស្ថាននេះបានគោរពទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងរួចមក។ ជាមួយគ្នានេះដែរ មុននឹងបើកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញត្រូវជូនដំណឹងមកក្រសួងជាមុនសិន ដើម្បីឲ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងចុះត្រួតពិនិត្យតាមដាននិងវាយតម្លៃមុននឹងអនុញ្ញាតឲ្យបើកដំណើរ។ ក្នុងករណីគ្រឹះស្ថានណាមួយមិនបានអនុវត្តតាមការណែនាំខាងលើទេ ក្រសួងនឹងផ្អាកសកម្មភាពរបស់គ្រឹះស្ថាននោះតែម្តង។
លោកបណ្ឌិតលើកឡើងថាវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបានអនុវត្តបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការរៀបចំដំណើរការប្រឡងដូចជាតម្រូវឱ្យនិស្សិតនិងគណៈមេប្រយោគពាក់ម៉ាស លាងដៃជាមួយអាកុលឬជែល វាស់កម្តៅមុនពេលចូលបន្ទប់ប្រឡងនិងក្នុងថ្នាក់បេក្ខជនរក្សាគម្លាតពីគ្នាដោយក្នុង១បន្ទប់មិនឲ្យលើសពី១០នាក់។
លោកបន្តថា ការប្រឡងនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសឲ្យបើកដំណើរការឡើងវិញរោងជាងបន្ទប់ពិសោធន៍មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនិងការប្រឡងបញ្ចប់ការការពារសារណាឬនិក្ខេបបទបញ្ចប់ការសិក្សាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងជីវៈក្រោមឱវាទក្រសួង ព្រោះថាការបណ្តុះបណ្តាលវិជ្ជាជីវៈសំខាន់គឺទាមទារឲ្យសិស្សនិស្សិតអនុវត្តជាក់ស្តែងនៅក្នុងសាលាតែម្តងដើម្បីឲ្យសិស្សនិស្សិតចេញពីសាលាទៅមានសមត្ថភាពគុណភាពពេញលេញសម្រាប់ស្វែងរកការងារបាន។
លោក ពេជ សោភ័ន បន្ថែមថា រៀនទ្រឹស្តីសិស្សនិស្សិតអាចរៀនតាមអនឡាញនៅផ្ទះបាន តែការអនុវត្តជាក់ស្តែងតម្រូវឲ្យសិក្សានិងអនុវត្តផ្ទាល់នៅតាមរោងជាងឬបន្ទប់សពិសោធន៍តែម្តង។តែត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់ក្រសួងផងដែរ។ ទន្ទឹមនេះ លោកបានអំពាវនាវដល់មន្ត្រីរាជការសាស្ត្រាចារ្យនិងសិស្សនិស្សិតរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈក្រោមឱវាទក្រសួងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមវិធានការរបស់ក្រសួងសុខាភិបាលទាំងនៅផ្ទះនៅសាលាក៏ដូចជានៅតាមសហគមន៍ដើម្បីចៀសផុតកុំឲ្យឆ្លងជំងឺកូវីដ១៩នេះ៕
ប្រភព៖ www.rasmeinews.com