សម្តេចតេជោ ហ៊ុន សែន សុំឲ្យអង្គការខុមហ្វ្រែលនិងសារព័ត៌មានបរទេសមួយចំនួនជួយធ្វើការផ្សព្វផ្សាយអំពីការស្ទង់មតិពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
សម្តេចតេជោសុំឲ្យអង្គការខុមហ្វ្រែលនិងសារព័ត៌មានបរទេសមួយចំនួនទៀត ជួយផ្សព្វផ្សាយការស្ទង់មតិដែលចោទថារាជរដ្ឋាភិបាលរំលោភច្បាប់និងសិទ្ធិមនុស្សដែលធ្វើការស្ទង់មតិក្នុងរយៈពេល៧ ថ្ងៃ ។
ថ្លែងក្នុងឱកាសទស្សនកិច្ចនិងបើកសម្ពោធសួនទឹក ហ្គាឌិនស៊ីធី របស់លោកឧកញ៉ា លី យ៉ុងផាត់ នៅព្រឹកថ្ងៃទី ១៦ ខែ សីហានេះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅអង្គការខុមហ្វ្រែលបានធ្វើការស្ទាបស្ទង់មតិ ដែលថា ករណីចាប់ខ្លួន ចោទប្រកាន់និងឃុំខ្លួនលោក រ៉ុង ឈុន គឺជាការរំលោភច្បាប់និងសិទ្ធិមនុស្ស ។ សម្តេចតេជោបន្តថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ការស្ទង់មតិនៅសល់តែ៣ ម៉ោងប៉ុណ្ណោះ ដែលជាលទ្ធផលការស្ទង់មតិឲ្យដឹងថា ការមិនរំលោភច្បាប់និងសិទ្ធិមាន៧៨ភាគ ចំណែកឯការរំលោភសិទ្ធិមនុស្ស មានតែ២២ ភាគរយតែប៉ុណ្ណោះ ។
សម្តេចតេជោសង្ឃឹមថា ផេកហ្វេសប៊ុករបស់ខុមហ្វ្រែលនិងព័ត៌មានដែលតែងតែប្រឆាំងរាជរដ្ឋាភិបាលនឹងជួយផ្សព្វផ្សាយការធ្វើការស្ទង់មតិនេះផង ។
សំឡេង«មានរឿងមួយដែលគួររំលឹកសូមឲ្យបើកមើលហ្វេសប៊ុករបស់ខុមហ្វ្រែលដែលគេបានធ្វើការស្ទង់មតិ តើយើងចាប់ខ្លួនមនុស្សរយៈពេលកន្លងមកទៅជាការំលោភច្បាប់និងសិទ្ធិរឺមិនរំលោភច្បាប់និងសិទ្ធិ ? អត្រាវាបានចេញមកដល់ម៉ោងនេះដែលគេធ្វើ៧ថ្ងៃឥលូវនៅសល់តែ៣ម៉ោងទៀតទេចប់ហើយ អត្រាឆ្លើយថារំលោភច្បាប់និងសិទ្ធិគឺមាន ២២ ភាគរយ អ្នកដែលឆ្លើយថាមិនរំលោភច្បាប់និងសិទ្ធិមានដល់៧៨ ភាគរយ ។ អញ្ចឹងសង្ឃឹមថាខុមហ្វ្រែល សង្ឃឹមថាវិទ្យុផ្សាយសំឡេងនិយាយភាសាខ្មែរ និងសារព័ត៌មានបរទេសនានា យកទៅផ្សាយការស្ទង់មតិនេះផង។ នេះមិនមែនជាផេករដ្ឋាភិបាលរឺរបស់អ្នកគាំទ្ររដ្ឋាភិបាល គឺជាផេកនៃអង្គការក្រៅរដ្ឋាភិបាលមួយដែលជានិច្ចជាកាល ប្រឆាំងជាមួយរាជរដ្ឋាភិបាល ។ អញ្ចឹងនៅសល់៣ម៉ោងទៀតទេ ៧៨ភាគរយគេថាមិនរំលោភច្បាប់និងសិទ្ធិទេ មានតែ២២ភាគរយតែប៉ុណ្ណោះ អញ្ចឹងទេអ្នកឯងនិយាយពីស្អីទៀត » ៕
ប្រភព៖www.information.gov.kh