ក្រសួងពាណិជ្ជកម្មបង្ហាញ១១ចំណុចសំខាន់ៗ នៃកិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយដៃគូតាមប្រព័ន្ធវីដេអូ (Video Conference)
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា កាលពីថ្ងៃទី២៧-២៩ ខែសីហាកន្លងទៅបានដឹកនាំបានគណៈប្រតិភូកម្ពុជាចូលរួមកិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយដៃគូ តាមប្រព័ន្ធវីដេអូ (Video Conference)។
ក្រសួងពាណិជ្ជកម្ម ក្រោយបញ្ចប់កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយដៃគូ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានរៀបរាប់នូវលទ្ធផលសំខាន់ៗចំនួន១១ចំណុច។ក្នុងនោះ ១.សម្រាប់កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិនលើកទី១៩ បានអនុម័តលើជំហានបន្ទាប់ដើម្បីអនុវត្តឱ្យបានពេញលេញនូវការងារដែលនៅសេសសល់ក្នុងកម្មវិធីការងារនាពេលអនាគត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- ចិន(ACFTA) និងបានបញ្ជាក់ពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដោយសារផលប៉ះពាល់នៃកូវីដ-១៩ ដោយបន្តរក្សាខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងពិភពលោក កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីការឆ្លងកូវីដនិងកសាងតំបន់សេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។ ២.កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាម៉េរិក បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការរៀបចំក្របខណ្ឌពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-សហរដ្ឋអាម៉េរិក (TIFA) និងផែនការការងារ E3 និងជម្រុញការអនុវត្តគម្រោងសកម្មភាពនៅក្រោមក្របខណ្ឌ TIFA ២០២០-២០២១ ដែលផ្តោតលើពាណិជ្ជកម្មឌីជីថល តម្លាភាព និងការអនុវត្តបទប្បញ្ញត្តិ កិច្ចសន្ទនាពាណិជ្ជកម្មនិងបរិស្ថានច្រកចេញចូលតែមួយអាស៊ាន ការសម្របសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍន៍ MSMEជាដើម។
៣.កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុង (ចិន) លើកទី៤ បានឯកភាពលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ហុងកុងតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុកកុង (AHKFTA) និងកិច្ចព្រមព្រៀងវិនិយោគអាស៊ាន-ហុកកុង (AHKIA)។ ៤.កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន លើកទី២៦ បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ក្នុងការឆ្លើយតបនឹងកូវីដ-១៩ ដែលផ្តោតលើគំនិតផ្តូចផ្តើម ដូចជា៖ រក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងអាស៊ាននិងជប៉ុន, កាត់បន្ថយផលប៉ះពាល់នៃកូវីដ-១៩ មកលើសេដ្ឋកិច្ច និងពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ច។ ៥.កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី៩ បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-រុស្ស៊ីក្រោយឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាស៊ាននៅក្នុងបច្ចេកវិទ្យាឌីជីថលនិងហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសហប្រតិបត្តិការអាស៊ាន-គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩-២០២០។
ដោយឡែក ក្នុងចំណុចទី៦ ក្រសួងពាណិជ្ជកម្មបានលើកឡើងថា គឺកិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី២៣ បានអនុម័តលើផែនការសកម្មភាពអាស៊ានបូកបី (ASEAN Plus Three Plan of Action) ស្តីពីការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីការរីករាលដាលនៃកូវីដ-១៩ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលរវាងអាស៊ាននិងបណ្តាប្រទេសបូកបី ដើម្បីត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាសន្ននា ពេលអនាគតក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩។ ៧.កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា(EAS) លើកទី៨ គឺបានស្វាគមន៍គំនិតផ្តួចផ្តើមថ្នាក់តំបន់ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ តាមរយៈការបង្កើតមូលនិធិឆ្លើយតបនឹងកូវីដ-១៩របស់អាស៊ាន ក៏ដូចជាការងារឆ្ពោះទៅរកការបង្កើតការបម្រុងទុកបរិក្ខារវេជ្ជសាស្ត្រក្នុងតំបន់អាស៊ាននិងនីតិវិធីប្រតិបត្តិការស្តង់ដារសម្រាប់ការឆ្លើយតបនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ។ ៨.កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី៩ បានអនុម័តលើផែនការការងារសេចក្តីប្រកាសរួមស្តីពីពាណិជ្ជកម្មនិងវិនិយោគ (JDTI) ឆ្នាំ២០២១-២០២៥ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ។
៩. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី២៥ បានអបអរសាទរចំពោះការអនុវត្តពេញលេញនៃកម្មវិធីកាត់បន្ថយពន្ធគយ និងវិធានជាក់លាក់នៃផលិតផលឆ្នាំ២០១៧ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់(AANZFTA)។ ១០.កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី១៧ បានឯកភាពបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដូចជាការថែទាំសុខភាព ការចាប់ផ្តើមអាជីវកម្មនិងបច្ចេកវិទ្យា ការតភ្ជាប់ ការផ្តល់សិទ្ធិដល់ស្ត្រីនិងយុវជន ក៏ដូចជាការអភិវឌ្ឍជំនាញ។ និងទី១១.គឺកិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កូរ៉េ លើកទី១៧ ដោយបានឯកភាពលើការពង្រឹងសេរីភាវូបនីយកម្មផលិតផលទំនិញបន្ថែមទៀតនៅក្នុងបញ្ជីរសើប (ST) ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-កូរ៉េ ក្រោយពេល RCEP ត្រូវបានចុះហត្ថលេខា។ កិច្ចពិគ្រោះយោបល់ក៏បានស្វាគមន៍ចំពោះការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាពក្រោមកម្មវិធីប្រឹក្សានិងដំណោះស្រាយបច្ចេកវិទ្យាពីប្រទេសកូរ៉េ (TASK) ក្នុងឆ្នាំ២០២០ ដោយបានជួយកែលម្អផលិតភាពក៏ដូចជាគុណភាពនិងស្តង់ដារនៃផលិតផល និងផ្តល់ឱកាសដល់ឧស្សាហកម្មក្នុងតំបន់អាចទទួលបានចំណេះដឹងពីបច្ចេកវិទ្យារបស់អ្នកជំនាញកូរ៉េ។ កិច្ចពិគ្រោះយោបល់ក៏បានគាំទ្រនិងកត់សម្គាល់ពីវឌ្ឍនភាពលើការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ឧស្សាហកម្មអាស៊ាន-កូរ៉េ និងមជ្ឈមណ្ឌលស្រាវជ្រាវស្តង់ដារអាស៊ាន-កូរ៉េ៕
ប្រភព៖ www.rasmeinews.com