គ.ជ.ប បានប្រកាសបើកការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ទាក់ទងនឹងការចាប់ផ្តើមការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ។
ឆ្លៀតក្នុងឱកាសដែលខកខានមិនបានជួបជាមួយភាគីពាក់ព័ន្ធអស់រយៈពេល ២ឆ្នាំ ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ មក នៅថ្ងៃនេះឯកឧត្តមប្រធាន គ.ជ.ប មានឱកាសជាថ្មីម្តងទៀត ក្នុងការបង្ហាញនូវទស្សនវិស័យនៃការដឹកនាំ និងការកែទម្រង់ការបោះឆ្នោត។
ឯកឧត្តមប្រធានបានមានប្រសាសន៍ថា ក្នុងនាមជាប្រធាន គ.ជ.ប ជាស្ថាប័នរៀបចំការបោះឆ្នោត ដែលជាស្នូលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស បានចុះជួបផ្ទាល់ជាមួយសិស្ស និស្សិត សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំ នៅតាមបណ្តាភូមិភាគទាំង ៥ នៃប្រទេសកម្ពុជា ហើយគំនិតរបស់ខ្ញុំទាំងអស់គឺបានចងក្រងជាសៀវភៅដែលមានចំណងជើងថា “សម្រង់ប្រសាសន៍ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ក្នុងពិធីបញ្ជ្រាបការយល់ដឹងស្តីពីការបោះឆ្នោត” ហើយនៅក្នុងខ្លឹមសាររបស់សៀវភៅនេះក៏មាននិយាយអំពីថា តើខ្ញុំដឹកនាំ គ.ជ.ប ខ្ញុំទៅផ្លូវណា?
ខ្ញុំជូនអស់លោកយកទៅមើល អស់លោកនឹងឃើញថាតើមាគ៌ាយុទ្ធសាស្ត្រដែលខ្ញុំដឹកនាំនៅក្នុងការទទួលខុសត្រូវស្ថាប័នមួយដ៏រសើប ពាក់ព័ន្ធនឹងការដឹកនាំការបោះឆ្នោត តើខ្ញុំធ្វើរបៀបណា? “ខ្ញុំថា ខ្ញុំធ្វើឱ្យបាន ” ពីព្រោះខ្ញុំស្រលាញ់ប្រទេសជាតិខ្ញុំតើ! ស្រលាញ់ដោយអំពើល្អ ដោយគោរពច្បាប់។ យើងនិយាយគ្នាឱ្យច្បាស់សម្រាប់ការបោះឆ្នោតទៅមុខ ពីព្រោះវាសនាអនាគតប្រទេស មិនមែនតែសម្រាប់ខ្ញុំទេណា៎! គឺសម្រាប់ទាំងអស់គ្នាណា៎! ហើយខ្ញុំធ្វើការកែទម្រង់នេះ សម្រាប់ធ្វើឱ្យការបោះឆ្នោតមួយ ក្រោយការបោះឆ្នោត គ្មានព្រឹត្តិការណ៍អស្ថិរភាពកើតឡើងក្នុងប្រទេសរបស់ខ្ញុំ អត់មានការមិនទទួលស្គាល់ធ្វើការបោះឆ្នោតហ្នឹងមិនយុត្តិធម៌ អត់មានទេ! គោលដៅខ្ញុំ ខ្ញុំច្បាស់ណាស់!។
ប្រភព៖ www.nec.gov.kh