ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងបារាំងនៅទូទាំងប្រទេសប៉ាគីស្ថាន
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។
ប៉ាគីស្ថាន៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងបារាំងនៅទូទាំងប្រទេសប៉ាគីស្ថានកាលពីថ្ងៃរសុក្រទី០៤កញ្ញា ខណៈដែលកំហឹងបានផ្ទុះឡើងដោយសារការ សម្រេចរបស់ទស្សនាវដ្តីបារាំងដើម្បីបោះពុម្ពផ្សាយរូបតុក្កតារបស់ព្យាការីមហាម៉ាត់ មេដឹកនាំសាសនា។
កាលពីដើមសប្តាហ៍នេះ ទស្សនាវដ្តីបារាំង Charlie Hebdo ដែលជាគោលដៅនៃការសម្លាប់រង្គាលដោយខ្មាន់កាំភ្លើងជាជនអ៊ីស្លាមនៅឆ្នាំ២០១៥ បានបោះពុម្ពរូបភាពដែលមានភាពចម្រូងចម្រាសឡើងវិញដើម្បីកត់សម្គាល់ការចាប់ផ្តើមនៃការជំនុំជម្រះក្តីលើពួកអ្នកសមគំនិតក្នុងការវាយប្រហារនោះ។
ការបោះពុម្ពផ្សាយនេះបាននាំឱ្យមានការថ្កោលទោសពីក្រសួងការបរទេសប៉ាគីស្ថាន រួមជាមួយការអំពាវនាវពីក្រុមអ៊ីស្លាមនិយមឲ្យធ្វើការតវ៉ាបន្ទាប់ពីការសូត្រធម៌កាលពីថ្ងៃសុក្រ ដែលជំរុញទាក់ទាញមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ានៅតាមទីក្រុងនានា ជាទីដែលពួកគេអំពាវនាវឱ្យធ្វើពហិការនិងបណ្តេញឯកអគ្គរដ្ឋទូតបារាំង។
អ្នកតវ៉ាម្នាក់បាននិយាយក្នុងពេលធ្វើបាតុកម្មនៅទីក្រុងឡាហ័រថា”យើងចាំបាច់ត្រូវបញ្ជូនសារដ៏ខ្លាំងមួយទៅកាន់បារាំងថាការមិនគោរពដល់ព្យាការីដ៏ជាទីគោរពនិងស្រឡាញ់របស់យើង នឹងមិនត្រូវបានអត់ឱនទេ”។
សូមបញ្ជាក់ថា ការបោះពុម្ពនៃរូបភាពរបស់ព្យាការី ត្រូវបានហាមឃាត់នៅក្នុងសាសនាអ៊ីស្លាម។ ការប្រមាថសាសនានៅក្រោមច្បាប់ការពារសាសនាដ៏តឹងរ៉ឹងរបស់ប៉ាគីស្ថាន អាចជាប់ទោសប្រហារជីវិត៕
ប្រភព៖www.rasmeinews.com