សាលារៀនទាំងអស់នៅក្នុងខេត្តសៀមរាប ប្រមាណជាង៦០០សាលា បើកដំណើរការក្នុងដំណាក់កាលទី៣ តាមគោលការណ៍របស់ក្រសួង
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៤ ខែវិច្ឆិការ ឆ្នាំ២០២០។
សាលារៀនទាំងអស់នៅក្នុងខេត្តសៀមរាបប្រមាណជាង៦០០សាលា បានបើកដំណើរការក្នុងដំណាក់កាលទី៣ តាមគោលការណ៍របស់ក្រសួងអប់រំ និង ក្រសួងសុខាភិបាល ដើម្បីការពារជំងឺឆ្លងកូវីដ-១៩។
លោក លី ប៊ុណ្ណា ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តសៀមរាប បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ការបើកសាលារៀនក្នុងដំណាក់កាលទី៣នេះ គឺជាការបើកបន្តនិងបំពេញបន្ថែមទៅលើការបើកសាលារៀន ក្នុង ដំណាក់កាលទី២ ក្នុងនោះមានការបែងចែកតាមប្រភេទគ្រឹះស្ថានសិក្សា ដោយ សាលាកម្រិតមត្តេយ្យ សិក្សា៥ថ្ងៃក្នុងមួយ សប្តាហ៍ កម្រិតបឋមសិក្សាអនុវត្តការបង្រៀននិងរៀន៣ថ្ងៃក្នុងមួយសប្តាហ៍ ដោយបែងចែកសិស្សជាពីរក្រុម ក្នុងមួយថ្នាក់ ដែលក្នុងមួយក្រុមមិនលើសពី ៣០នាក់ និងកម្រិតមធ្យមសិក្សាថ្នាក់ទី៩ និងទី១២ ត្រូវបន្តអនុវត្តដូចក្នុងដំណាក់កាលទី២។
ចំណែកថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ត្រូវអនុវត្តការបង្រៀននិងរៀន៣ថ្ងៃក្នុងមួយសប្តាហ៍ ដែលក្នុងមួយបន្ទប់មានសិស្ស មិនលើសពី៣០នាក់ដូចគ្នា។
លោកបន្តថា ស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ ទោះបីសាលាត្រូវអនុញ្ញាតឱ្យបើកក្នុងដំណាក់កាលទី៣នេះក៏ដោយ ក៏ប៉ុន្តែត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាសុខភាព និងអនាម័យទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរជម្រាបផងដែរថា ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ បានអូសបន្លាយរយៈពេលប៉ុន្មានខែកន្លងមកនេះ ធ្វើឱ្យការសិក្សារបស់ សិស្សានុសិស្សត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្នុងនោះតាមសេចក្តីជូនដំណឹងរបស់ក្រសួង អប់រំ យុវជន និងកីឡា ស្តីពីដំណើរការនៃការបើកសាលារៀនឡើងវិញគឺមានបីដំណាក់កាល រួមមាន៖ដំណាក់កាលទី១ សាលារៀន មានស្ដង់ដារសុវត្ថិភាពខ្ពស់។ ដំណាក់កាលទី២ សាលារៀនមានស្ដង់ដារមធ្យម និងដំណាក់កាលទី៣ សាលារៀនមាន ស្ដង់ដារអប្បបរមា។
នៅខេត្តសៀមរាបមានសាលារៀនសាធារណៈចំនួនប្រមាណជាង៦០០សាលា មានមត្តេយ្យសិក្សាចំនួន១៩សាលា បឋមសិក្សា៥០៧សាលា អនុវិទ្យាល័យ៨២សាលា និងវិទ្យាល័យចំនួន៤១សាលា ព្រមទាំង គ្រឹះស្ថានសិក្សាឯកជន ប្រមាណ៦០សាលា៕
Sourcing: www.information.gov.kh