ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពាវនាវដល់មន្ត្រី និងអ្នកពាក់ព័ន្ធជាមួយគណៈប្រតិភូការបរទេសប្រទេសហុងគ្រី ត្រូវធ្វើចត្តាឡីស័កឱ្យបានម៉ត់ចត់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិការ ឆ្នាំ២០២០។
ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០–
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវ ដល់មន្ត្រី និងអ្នកពាក់ព័ន្ធជាមួយគណៈប្រតិភូការបរទេសប្រទេសហុងគ្រីទាំងអស់ត្រូវធ្វើចត្តាឡីស័កឱ្យបានម៉ត់ចត់ដូចសម្តេច ដោយកុំឱ្យមានការធ្វេសប្រហែសឱ្យសោះ។ ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ធ្វើឡើងតាមរយៈសារជាសំឡេងតាមប្រព័ន្ធតេឡេក្រាម នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានទទួលព័ត៌មានមួយថាមានមន្ត្រីមួយចំនួនដែលធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងប្រតិភូការបរទេសប្រទេស ហុងគ្រី មិនបានធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនោះទេ។
សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំ ទទួលបានព័ត៌មានមួយចំនួនថាមន្ត្រីយើងបានធ្វើចត្តាឡីស័កមិនត្រឹមត្រូវតាមការកំណត់ របស់ក្រសួងសុខាភិបាលនោះទេ មានដូចជាការហាត់ប្រាណនៅក្រៅផ្ទះ ការកាន់ដៃគ្នា ការជួបប្រាស័្រយជាមួយអ្នកនេះអ្នកនោះជាដើម”។ សម្តេចតេជោបានជម្រាបជូនផងដែរអំពីដំណើររឿងនេះបន្តិចអំពីខ្លួនសម្ដេចផ្ទាល់ដែលជាបទពិសោធន៍បាននិងកំពុងធ្វើ ទាក់ទងនឹងចត្ត័ឡីស័កដូចជា សម្ដេចត្រូវលុបចោល កម្មវិធីទាំងអស់ដែលជាកម្មវិធីសុទ្ធតែសំខាន់ៗដូចកម្មវិធីរបស់ក្រសួងមហាផ្ទៃនៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកានេះ ទាក់ទងនឹងការកែទម្រង់ថ្នាក់ក្រោមជាតិ និងកម្មវិធីបន្តត្រូវចុះជួបជាមួយប្រជាជន ប្រមាណជិត៤ម៉ឺននាក់ ដើម្បីចែកស្រូវពូជ និងជំនួយសង្គ្រោះអ្នករងគ្រោះដោយទឹកជំនន់ នៅថ្ងៃទី០៧ ថ្ងៃទី០៨ និងថ្ងៃទី១០ ខែវិច្ឆិកា នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
សម្តេចតេជោបានថ្លែងថា កម្មវិធីទាំងនេះត្រូវលុបចោលដើម្បីចៀសវាងភាពមិនច្បាស់លាស់របស់យើងទៅប៉ះពាល់ជាមួយប្រជាជន។ តែអ្វីដែលសំខាន់នោះគឺព្រះមហាក្សត្រ សម្តេចម៉ែ ព្រះអង្គនឹងយាងមកកម្ពុជាវិញនៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា គឺបាំបាច់ណាស់នូវវត្តមានរបស់សម្តេច និងភរិយា ក៏ប៉ុន្តែដើម្បីចៀសវាងភាពខ្ជីខ្ជារនូវការធ្វើចត្តាឡីស័ក ហើយក៏អាចនឹងនាំដល់ហានិភ័យសម្រាប់ព្រះមហាក្សក្រ លួងម៉ែក៏ដូចជាមន្ត្រីជាន់ខ្ពស់នានាជាលើកដំបូង។ កម្មវិធីនេះ សម្តេចតេជោបានអាក់ខាន ក្នុងការទទួល ឬដង្ហែរព្រះរាជដំណើររបស់ព្រះមហាក្សត្រក៏ដូចជាលួងម៉ែគឺត្រូវលុបចោល។ ក្រៅពីនេះ បន្ថែមទាំងបុណ្យជាតិចំនួន២លើក ក៏ត្រូវលុបចោលទាំងដុតទៀនជ័យ និងពន្លត់ទៀនជ័យគឺត្រូវលុបចោលមិនបានចូលរួមទេ។
សម្ដេចតេជោបានថ្លែងបន្ដថា ការចូលរួមកិច្ចប្រជុំអាស៊ានក៏ត្រូវលុបចោល(ទោះបីតាមវីដេអូខនហ្វឺរិន) ទោះបីជាអ្នកផ្តល់យោបល់ថាធ្វើចេញពីផ្ទះ។ ប៉ុន្តែមានហានិភ័យខ្ពស់ នៅពេលអ្នកយកព័ត៌មាន និងមន្ត្រីមកចូលរួមគឺវាអាចមានការចម្លងទៅអ្នកទាំងនោះ ប្រសិនបើយើងអាចមានវិជ្ជមានដោយសារការធ្វើតេស្តរបស់យើងមិនទាន់ចប់ក្នុងរយៈពេល១៤ថ្ងៃនោះទេ។
សម្ដេចតេជោបានបន្ថែមថា “ដូច្នេះខ្ញុំត្រូវស្នើសុំភាពអាធ្យាស្រ័យពីសំណាក់សមាជិកអាស៊ាន ដើម្បីចាត់តាំងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុជំនួសដើម្បីដឹកនាំកិច្ចប្រជុំតែម្តង ព្រោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសក៏មិនអាចចូលរួមប្រជុំបានដែរ”។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា មានមន្ត្រីមួយចំនួនលើកឡើងថាដើម្បីបង្ហាញសាមគ្គីភាពជាមួយអាស៊ានគប្បីថតសន្ទរកថាដើម្បីចាក់ទៅកិច្ចប្រជុំ។ ប៉ុន្តែសម្ដេចប្រាប់ថាដើម្បីបង្ហាញសាមគ្គីភាពគឺមានតែអាស៊ានទេគឺត្រូវបង្ហាញចំពោះយើងជាអ្នកឈឺ ប៉ុន្តែបើយើងចេញទៅអាន សន្ទរកថាគឺបង្ហាញទៅប្រជាពលរដ្ឋអំពីភាពខ្ជីខ្ជារក្នុងការធ្វើចត្តាឡីស័កដែលវានាំឱ្យមានហានិភ័យខ្ពស់ប្រសិនបើមេដឹកនាំមិនប្រកាន់យក នូវវិធានការណ៍ដ៏ជាក់លាក់សម្រាប់ធ្វើចត្តាឡីស័ក ។
សម្ដេចតេជោបាននាយករដ្ឋមន្រ្ដីបានអះអាងថា “សម្រាប់ខ្លួនខ្ញុំផ្ទាល់សូមបញ្ជាក់ថា ខ្ញុំសូម្បីតែធ្វើចត្តាឡីស័កក្នុងផ្ទះខ្ញុំខិតខំកាត់បន្ថយនូវទីធ្លាដែលខ្ញុំត្រូវធ្វើការ ត្រូវដើរ គឺខ្ញុំប្រើបន្ទប់២ គឺបន្ទប់សម្រាកមួយ បន្ទប់បាយមួយ។ ខ្ញុំព្យាយាមមិនទៅអង្គុយតាមសាឡុង ឬកន្លែងណាផ្សេងព្រោះបើធ្វើចល័ត នឹងមានហានិភ័យ ដូចជាចុះ តាមជណ្តើរជាដើមអាចនឹងមានហានិភ័យចំពោះអ្នកបោសសម្អាត។ ដូច្នេះទីធ្លាដែលខ្ញុំធ្លាប់ដើរ ខ្ញុំបានកាត់បន្ថយឱ្យមកនៅតូចបំផុតដែលអាចធ្វើបាន។”
ជាមួយគ្នានោះដែរសម្តេចតេជោក៏បានបង្ហាញដែរថា នៅពេលសម្តេចចង់ជួបភរិយា ក៏សម្តេចប្រើក្រណាត់យករុំដៃដើម្បីបើកទ្វារផងដែរ។ ចំណែកការប្រើប្រាស់ប៊ិចសម្រាប់ធ្វើ ការវិញសម្តេចបានប្រើប្រាស់តែ២ប៉ុណ្ណោះ ក្នុងចំណោមប៊ិចជាង២០ដើម ដែលធ្លាប់ប្រើ ដើម្បីចៀសវាងប៉ះពាល់ប៊ិចដដៃទៀតក្នុងការប្រើប្រាស់នៅពេលក្រោយ។ ចំពោះឯកសារ វិញ គឺមុន នឹងចូលមកក្នុងបន្ទប់គឺត្រូវបាញ់ថ្នាំនូវខុន្ទការល័យ រួចបញ្ចូលមក។ ទន្ទឹមនេះ នៅពេលសម្តេចចុះហត្ថលេខាលើឯកសាររួចហើយ ត្រូវបាញ់ថ្នាំ មុននឹងដាក់ចេញឱ្យប្រើប្រាស់នៅផងដែរ។
សម្តេចតេជោក៏បានបញ្ជាក់ឱ្យដឹងផងដែរ សម្តេចបានកំណត់ពេលវេលានៃការហាត់ប្រាណត្រូវធ្វើនៅក្រោយពេលដឹងជាក់លាក់នៃការបញ្ចប់ធ្វើចត្តាឡីស័កគឺក្រោយពីការធ្វើតេស្តនៅថ្ងៃទី១៨ ខែវិច្ឆិកា គឺបន្ទាប់ដឹងហើយគឺនៅថ្ងៃទី១៩ ឬថ្ងៃទី២០ ខែវិច្ឆិកា សម្តេចចេញវាយកូនហ្គោលតែម្តង។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា “អីញ្ចឹងទេសូមអំពាវនាវចំពោះរដ្ឋមន្ត្រី និងមន្ត្រីណាដែលពាក់ព័ន្ធការធ្វើចត្តាឡីស័កនៅក្នុងទីកន្លែងសូម្បីតែភរិយា និងកូនមិនគួរឱ្យនៅជិតដែរ។ ធ្វើឱ្យច្បាស់នូវចត្តាឡីស័កព្រោះវានាំឱ្យឆ្លងនៅក្នុងសហគមន៍។ អីញ្ចឹងអំពាវនាវឱ្យធ្វើចត្តាឡីស័ក ហើយរដ្ឋមន្ត្រី ដែលមានមន្ត្រី និងបុគ្គលិកខ្លួនក៏ត្រូវណែនាំបន្តចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លូនឱ្យធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវដូចអ្វីដែលខ្ញុំកំពុងខិតខំធ្វើនេះ”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ជោគជ័យ ឬមិនជោគជ័យវាអាចផ្ទុះ នៅស្ថានភាពមួយមិនទាន់ច្បាស់លាស់ដែលយើងត្រូវមានការប្រុងប្រយ័ត្ន ហើយគ្រប់ក្រសួងស្ថាប័ន ពិសេសរដ្ឋមន្ត្រីនានាដែលមានបុគ្គលិកខ្លួនជាប់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ត្រូវមានការទទួលខុសចំពោះបញ្ហានេះ៕
ប្រភព៖www.information.gov.kh