អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)៖ អ្នកភូមិបានប្រទះឃើញហ្វូងដំរីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិការ ឆ្នាំ២០២០។
មណ្ឌលគិរី ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានឱ្យដឹងថា អ្នកភូមិពូចារនៅខេត្តមណ្ឌលគិរី បាន ប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈពេលដែលពួកគាត់កំពុង ប្រមូលផលអនុផលព្រៃឈើនៅក្នុងភាគខាងត្បូងនៃ ដែនជម្រកសត្វព្រៃកែវសីមា។
អង្គការ WCS នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានបញ្ជាក់ដោយដកស្រង់សម្តីអ្នកភូមិថា កាប្រទះឃើញដំរីព្រៃមួយហ្វូងនេះ កាលពីចុងខែតុលា ហើយនៅពេលពួកគាត់ បានឃើញហ្វូងដំរីទាំងនោះភ្លាម ពួកគាត់បានប្រញាប់ប្រញាល់រត់ឡើងលើ ដើមឈើដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្នុងខណៈនោះ លោក ពឿន កឿន ជាអ្នកភូមិម្នាក់ក្នុង ក្រុមនោះដែរ បានយកទូរស័ព្ទឆ្លាតវៃរបស់លោកថតសកម្មភាព សត្វដំរីទាំងនេះ កំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើ ដែលពួកគាត់កំពុងលាក់ខ្លួន។ ក្នុងហ្វូងនោះមានដំរីតូចធំយ៉ាងតិច ១៤ក្បាល និងទំនងជាមានសុខភាពល្អ។
តាមការឱ្យដឹងរបស់អង្គការ WCS គឺតាមធម្មតាហ្វូងដំរីនីមួយៗ ដឹកនាំដោយដំរីញីដែលចាស់ជាងគេ ហើយក្នុងហ្វូងនោះមានញាតិសន្ដាន ព្រមទាំងកូនចៅរបស់មេហ្វូង។ ទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី ក៏មានការប៉ាន់ប្រមាណថា មានដំរីប្រហែល១០០ក្បាលកំពុងរស់នៅក្នុងដែនជម្រក សត្វព្រៃកែវសីមា ហើយការបានឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រណាស់។
ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រករបស់ពួកវា ដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់ យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារ ធម្មជាតិ។
ប្រជាសហគមន៍ដែលបានដាំដុះដំណាំលើអតីតតំបន់ដែលជាទីជម្រករបស់ដំរីទាំងនេះ មិនសប្បាយចិត្ត និងរអ៊ូរទាំថា សត្វដំរីទាំងនេះតែងតែមកស៊ីបំផ្លាញដំណាំរបស់ពួកគាត់ជារឿយៗ៕
ប្រភព៖ www.information.gov.kh