ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់ថា លោកមានទិន្នន័យគ្រប់គ្រាន់អំពីការបន្លំសន្លឹកឆ្នោត ដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោត
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិការ ឆ្នាំ២០២០។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់ថា ទិន្នន័យដែលលោកមានអំពីការក្លែងបន្លំសន្លឹកឆ្នោត គឺគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋចំនួនបួន ហើយក៏ដូចជាលទ្ធផលនៅក្នុងប្រទេសទាំងមូលផងដែរ។
លោក Trump បានសរសេរនៅលើបណ្តាញសង្គម Twitter «ហេតុអ្វីបានជាលោក ចូ បៃដិន បង្កើតគណៈរដ្ឋមន្រ្តីលឿនម៉្លេះ ខណៈដែលអ្នកស៊ើបអង្កេតរបស់ខ្ញុំបានរកឃើញសន្លឹកឆ្នោតបន្លំរាប់ម៉ឺន ដែលមានភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរលទ្ធផលយ៉ាងហោចណាស់នៅក្នុងរដ្ឋចំនួនបួន ដែលជាលទ្ធផលធ្វើឱ្យលោកទទួលបានសន្លឹកឆ្នោតច្រើនជាងគ្រប់គ្រាន់ដើម្បីឈ្នះការបោះឆ្នោត? យើងសង្ឃឹមថា តុលាការ និង / ឬ អង្គនីតិបញ្ញត្តនឹងមានភាពក្លាហានក្នុងការធ្វើអ្វីដែលត្រូវធ្វើដើម្បីរក្សាភាពត្រឹមត្រូវនៃការបោះឆ្នោតរបស់យើង និងសម្រាប់សហរដ្ឋអាមេរិកផ្ទាល់។ ពិភពលោកទាំងមូលកំពុងរង់ចាំមើល !!!» ។
សហរដ្ឋអាមេរិកបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី ៣ ខែវិច្ឆិកា។ បើទោះបីការរាប់សន្លឹកឆ្នោតនៅតែដំណើរការក៏ដោយ ក៏បណ្តាញផ្សព្វផ្សាយព័ត៌មានធំៗរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា បេក្ខជនគណបក្សប្រជាធិបតេយ្យបានឈ្នះការបោះឆ្នោតប្រធានាធិបតីនេះ។ ទាំងសារព័ត៌មាន Fox News និងសារព័ត៌មាន Associated Press (AP) បានដាក់លោក បៃដិន អោយឈរនៅលើគេ លើសពីចំនួនតម្រូវការ ដែលត្រូវទទួលបានសន្លឹកឆ្នោតតំណាង ២៧០សម្លេង។ លោក ត្រាំ កំពុងប្រឆាំងនឹងលទ្ធផលបច្ចុប្បន្ននេះ ដោយលោកបានអះអាងពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន ហើយលោកបានដាក់ពាក្យបណ្តឹងដើម្បីតតាំងរឿងក្តីរបស់លោកនៅក្នុងតុលាការ៕
ប្រភព៖www.information.gov.kh