នៅថ្ងៃអាទិត្យនេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៦នាក់ និងរបួស ១០នាក់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្លាប់មនុស្ស ៦នាក់ និងរបួស ១០នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៦នាក់ របួសធ្ងន់ ៨នាក់ និងរបួសស្រាល ២នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ប្រជែង និង បត់មិនប្រយ័ត្ន ដែលនាំឲ្យខូចខាតម៉ូតូ ម៉ូតូ ១០គ្រឿង រថយន្តធុនតូច ៦គ្រឿង រថយន្តធុនធំ ៥គ្រឿង ថ្មើរជើង ១នាក់។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវកុំបើកបរលើស ល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕