January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលសំខាន់ៗចំនួន៣ នៅថ្ងៃ៩ ធ្នូ តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាប្រធានដឹកនាំ កិច្ចប្រជុំកំពូលសំខាន់ៗ ចំនួន៣ នៅថ្ងៃ ៩ ធ្នូ តាមរយៈប្រព័ន្ធវីដេអូ ដែលរួមមានកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវា ឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩, កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០, និង កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ។


យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធាន ដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែធ្នូឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួម ផងដែរ ក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលនឹងរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល ACMECS លើកទី៩ ហើយដែលកិច្ចប្រជុំកំពូលទាំងពីរនេះ នឹងត្រូវដឹកនាំដោយឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត។
កិច្ចប្រជុំស្ថិតក្រោមមូលបទ ភាពជាដៃគូដើម្បីការតភ្ជាប់ និងភាពរឹងមាំកិច្ចប្រជុំកំពូល ACMECS លើកទី៩ និងពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការកន្លងមក និងនាពេលអនាគត ជាពិសេសលើវិធី និងមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការ ACMECS លើគ្រប់វិស័យដែលនឹងដើរតួនាទីជាក្របខណ្ឌសាមគ្គីភាពដ៏សំខាន់ សម្រាប់ថែរក្សាសន្តិភាព និង ស្ថិរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួមគ្នាក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល ACMECS ពីប្រទេសកម្ពុជា ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ចំណែកកិច្ចប្រជុំកំពូល CLMV លើកទី១០ ធ្វើឡើងក្រោមមូលបទ «ការលើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព សម្រាប់សមាហរណកម្មតំបន់» និងពិនិត្យមើលឡើងវិញនូវសមិទ្ធផលនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងកំណត់ទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការ CLMV ដោយពិចារណាទៅលើវិបត្តិសុខភាពពិភពលោក ដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ-១៩ និងផែនការស្តារប្រទេសខ្លួនឡើងវិញក្រោយវិបត្តិនៃជំងឺនេះ។ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលនេះនៅពេលបន្ទាប់។
កិច្ចប្រជុំកំពូល CLV DTV លើកទី១១ នឹងពិនិត្យឡើងវិញ ពីវឌ្ឍនភាពដែលសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គម រវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម ជាពិសេស លើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងឧក្រិដ្ឋកម្មឆ្លងដែន៕

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.