ក្លឹបវិសាខា បង្ហាញសមាសភាពកីឡាករថ្មីៗពីរនាក់បន្ថែមនារដូវកាល ២០២១
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។
ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០៖ក្លឹបបាល់ទាត់វិសាខាបានបង្ហាញសមាសភាពកីឡាថ្មីៗពីរនាក់បន្ថែម គឺកីឡាករ ធារី ចន្ថាប៊ីន និងកីឡាករ អោម ឧត្តម រួមទាំងកីឡាករសំខាន់ៗមួយចំនួនទៀត ដែលបន្តកិច្ច សន្យាជួយក្លឹបរហូតដល់ឆ្នាំ២០២៤។
អ្នកចាត់ការទូទៅ ក្លឹបវិសាខា លោក ហុក សុចិត្រា បញ្ជាក់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះថា ក្លឹបវិសាខាពិតជាមានសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ ចំពោះ វត្តមានសមាជិកថ្មីរបស់យើង ដើម្បីត្រៀមរដូវកាលថ្មី ២០២១ គឺកីឡាករ ធារី ចន្ថាប៊ីន និងអ្នក ចាំទីដ៏មានបទពិសោធ អោម ឧត្តម ដែលក្លិបចាត់ទុកថា អោម ឧត្តម នឹងក្លាយ ជារបាំងការពារសំណាញ់ទីដ៏រឹងមាំឆ្ពោះទៅរកភាពជោគជ័យ នារដូវកាលក្រោយ។ ចំពោះ ស មាសភាពកីឡាករចាស់ៗនៅបន្តកិច្ចសន្យាជួយក្លឹបរហូតដល់ឆ្នាំ២០២២ ឆ្នាំ២០២៣ និង ២០២៤ ដូចជា ខ្សែការពារជនជាតិអាហ្វ្រិកខាងត្បូង KHAN MOHAMMED FAEEZ, ខ្សែ ប្រយុទ្ធ កែវ សុខផេង, ខ្សែបម្រើ ច្រឹង ពលរដ្ឋ និងកីឡាករ អ៊ិន វិច្ឆ័យជាដើម។
ចំពោះ កីឡាករ ធារីចន្ថាប៊ីន ដែលក្លាយជាសមាជិកថ្មីរបស់ក្លិបបាល់ទាត់វិសាខា គឺទើបវិលត្រឡប់នៅប្រទេសម៉ាឡេស៊ី ក្រោយប្រកបអាជីពនៅទីនោះរយៈពេល៣ឆ្នាំ ដែល តាមរយៈការចូលរួមជាសមាជិកនៅក្លឹបថ្មីនេះ ធារីចន្ថាប៊ីន ចាត់ទុកថាជាឱកាសមួយសម្រាប់ ក្រុមជម្រើសជាតិកម្ពុជាជាថ្មីម្តងទៀតផងដែរ។ កីឡាករ ធារី ចន្ថាប៊ីន គឺជាអតីត កីឡាករ ជម្រើសជាតិយុវជនរបស់ប្រទេសបារាំង ហើយបានមកចូលរួមជួយក្រុមជម្រើសជាតិកម្ពុជា ជាច្រើនលើក កាលពីពេលកន្លងទៅ៕
www.information.gov.kh