នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវ៉ាក់សាំងជាមួយក្រុមហ៊ុន AstraZeneca ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន ៦,៤លានដូស និងកំពុងពិភាក្សាជាមួយមជ្ឈមណ្ឌល Gamaleya
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបាននិយាយថា ទីក្រុងគូឡាឡាំពួរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនឱសថ AstraZeneca ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន ៦,៤លានដូស ខណៈដែលកំពុងមានកិច្ចពិភាក្សាជាមួយក្រុមហ៊ុន Sinovac និង CanSino របស់ចិន ក៏ដូចជាមជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ីដើម្បីទិញវ៉ាក់សាំងបន្ថែមទៀតផងដែរ។
យោងតាមសារព័ត៌មាន Malay Mail បានរាយការណ៍ថា ក្រុមហ៊ុន AstraZeneca នឹងផ្តល់វ៉ាក់សាំងសម្រាប់ប្រជាជនម៉ាឡេស៊ីឱ្យបាន ១០ភាគរយ។ កាលពីពេលមុន ប្រទេសនៅអាស៊ីមួយនេះបានចុះកិច្ចព្រមព្រៀងដើម្បីទិញវ៉ាក់សាំងសម្រាប់ប្រជាជនចំនួន ៣០ភាគរយពីក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន COVAX ។
សារព័ត៌មាននេះបានរាយការណ៍ដោយដកស្រង់សម្តីរបស់លោក Khairy Jamaluddin រដ្ឋមន្ត្រីវិទ្យាសាស្ត្របច្ចេកវិទ្យា និងការច្នៃប្រឌិតថា បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ីកំពុងស្ថិតនៅលើផ្លូវមួយដើម្បីទទួលបាននូវវ៉ាក់សាំងដូសគ្រប់គ្រាន់លើសពីអត្រាដែលត្រូវការសម្រាប់ប្រើប្រាស់ប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណាវីរុសនេះ។
លោក Jamaluddin បាននិយាយនៅលើបណ្តាញសង្គម Twitter ថា «បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន COVAX ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Astra Zeneca និងការបញ្ចប់នូវកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Sinovac ក្រុមហ៊ុន CanSino និងមជ្ឈមណ្ឌល Gamaleya យើងនឹងមានវ៉ាក់សាំងស្ទើរតែ ៨៣ភាគរយនៃចំនួនប្រជាជនសរុបរបស់យើងក្នុងទំហំទឹកប្រាក់ចំនួន ២,០៥ប៊ីលានរីងហ្គីត (៥០០លានដុល្លារអាម៉េរិក)។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានកត់សម្គាល់ថា វ៉ាក់សាំងដំបូងរបស់ក្រុមហ៊ុន Pfizer ចំនួន ១លានដូសនឹងត្រូវបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ៕
www.information.gov.kh