January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម ស្រី ដា៖ គ្រួសារក្រីក្រប្រមាណជាង៧១ម៉ឺនគ្រួសារដែលរងគ្រោះដោយជំងឺកូវីដ១៩ នឹងទទួលបានការឧបត្ថម្ភរយៈពេលបីខែបន្ថែមទៀត

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

ភ្នំពេញ៖ ឯកឧត្តម ស្រី ដា  អ្នកនាំពាក្យក្រសួងផែនការបានឱ្យដឹងថា ក្រសួងនៅតែបន្តស្វែងរកគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយមិនបណ្តោយឱ្យគ្រួសារទាំងនោះនៅឯកោ អត់អាហារ មិនទទួលបានការឧបត្ថម្ភនោះទេ ដោយត្រូវដោះស្រាយជូនពួកគាត់ភ្លាមៗ ។

ឯកឧត្តមបញ្ជាក់ថា ការរកឃើញនូវចំនួនគ្រួសារក្រីក្រនេះ គឺមានភាពសុក្រិតភាព តម្លាភាព និងត្រឹមត្រូវ ធានាដល់ការរ៉ាប់រងដល់គ្រួសារក្រីក្រពិតប្រាកដដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលក្នុងការជួយដោះស្រាយជីវភាពក្នុងគ្រាលំបាកនេះ។

ឯកឧត្តមបញ្ជាក់ថា៖ «ឥឡូវសម្តេចលោកពិនិត្យមើលឃើញថាកម្មវិធីនេះ វាមានលក្ខណៈល្អ ហើយសម្តេចលោកចង់ផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រពិតប្រាកដពិតៗបន្ថែមមួយជុំទៀតពីខែមករាដល់ខែមីនាឆ្នាំ២០២១ដើម្បីបើកប្រាក់ឧបត្ថម្ភហ្នឹងជូនដល់ប្រជាពលរដ្ឋក្រីក្រប្រមាណជា៧១ម៉ឺនគ្រួសារដែលមានប្រជាជនប្រមាណជា២លាន៨សែននាក់ក្នុងរង្វង់ហ្នឹង។ អ៊ីចឹងយើងនឹងបើកបន្តថែមទៀតជូនដល់ពួកគាត់ទាំងអស់ជាការពិតទៅវាបានជួយដល់ប្រជាជនយើងគឺរក្សាលំនឹងពួកគាត់និយាយរួមទៅមិនឱ្យគាត់ដាច់បាយទេជួយគាត់ឱ្យគាត់មានលទ្ធភាពទៅរកការងារធ្វើផ្សេងទៀត ដើម្បីឱ្យជីវភាពគាត់នឹងប្រសើរឡើងវិញបន្ទាប់ពីចប់កូវីដនេះទៅ»។

ឯកឧត្តមបានបន្ថែមថា គិតត្រឹមចុងខែធ្នូឆ្នាំ២០២០ នេះ ក្រសួងផែនការ បានរកឃើញភាពមិនប្រក្រតី និងគ្រួសារដែលមានជីវភាពប្រសើរឡើងវិញ  ហើយដកបណ្ណសមធម៌ត្រឡប់មកវិញបានចំនួនជាង ១៤ ៤០០ ករណីរួចមកហើយដែរ ។

យោងតាមអនុក្រឹត្យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវផ្តល់ជូនក្នុងមួយខែមានចន្លោះពី១៦,០០០រៀល ទៅដល់ ១២០,០០០រៀលដែលត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស៕

www.information.gov.kh

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.