January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

បវេសនកាលឆ្នាំសិក្សា២០២០-២០២១ គ្រប់សាលារៀនរដ្ឋនៅទូទាំងប្រទេសបានបើកដំណើរជាធម្មតាដោយអនុវត្តតាមវិធានសុខាភិបាល

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ គ្រប់សាលារៀនរដ្ឋនៅទូទាំងប្រទេសបានបើកដំណើរជាធម្មតាតាមការគ្រោងទុក ដោយអនុវត្តខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាព ដូចជា ពាក់ម៉ាស់ មានជេល អាកុល ឬកន្លែងលាងដៃសម្លាប់មេរោគ និងចែកវេនសិក្សារបស់សិស្សដើម្បីរក្សាគម្លាតជាដើម។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ជារួមការបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ មានដំណើរការជាប្រក្រតីតាមការគ្រោងទុក និងមានសិស្សសរុបប្រមាណ ៣ លាន៥ សែននាក់នៅទូទាំងប្រទេស។

ឯកឧត្តមបន្ថែមថា ដោយឡែក រាជធានីភ្នំពេញ និងខេត្តចំនួន ៧ មានគ្រឹះស្ថានសិក្សាសរុបចំនួន ៤៤ នៅតែត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កដដែល ក្នុងនោះមានសាលាបឋមសិក្សា ៤ អនុវិទ្យាល័យ ៨ វិទ្យាល័យ ៣១ និងសាលាគុកោសល្យ ១។

ឯកឧត្តមបន្តថា ក្នុងបវេសន កាលឆ្នាំសិក្សាថ្មីនេះ គ្រឹះស្ថានសិក្សាដែលបានប្រើប្រាស់ជាមណ្ឌលចត្តាឡី ស័ក នៅតែដំណើរការចុះឈ្មោះសិស្សចូលរៀន ដោយទី១. សាលារៀនដែលមានសិស្សតិចបានផ្ញើសិស្សទៅរៀននៅសាលាផ្សេងក្បែរៗនោះ ទី២.សាលារៀនដែលមានសិស្សច្រើន ត្រូវបានរៀបចំឱ្យរៀនតាមបណ្តុំតូចៗ និងរៀនតាមអនឡាញ និងទី៣.សាលាខ្លះទៀតបានប្រើប្រាស់ផ្ទះនាយក នាយករង ឬផ្ទះគ្រូបង្រៀនដែលនៅជិតដើម្បីចុះឈ្មោះសិស្ស។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានគ្រឹះស្ថានមត្តេយ្យសិក្សា និង គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និង ឯកជន ប្រមាណ ១៨,០០០ សាលា។ក្នុងនោះ មត្តេយ្យសិក្សាសហគមន៍ ៣០០០កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅ សាធារណៈ ១៣,៥០០សាលា និងគ្រឹះស្ថានសិក្សាឯកជន ១៥០០សាលា៕

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.