ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជ នៅខេត្តស្ទឹងត្រែងមានទំហំផ្ទៃដីជាង១០ហិកតា សាងសង់បាន ២០ភាគរយហើយ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជ នៅខេត្តស្ទឹងត្រែងដែលមានទំហំផ្ទៃដីជាង១០ហិកតា សាងសង់សម្រេចបាន២០ភាគរយហើយ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១នេះ។
អ្នកយកព័ត៌មានយើងប្រចាំខេត្តស្ទឹងត្រែងបានឱ្យដឹងថា ស្ថានីយនេះ ត្រូវចំណាយថវិកាសាងសង់ដោយ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ ចំនួនប្រមាណ ១លានដុល្លារ ។
ក្នុងសកម្មភាពចុះពិនិត្យស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជនៅចំណុចអូរខ្លុង ភូមិ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ខែមករានេះ ឯកឧត្តមឡូយ សូផាតអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ថា៖នៅពេលបង្កើតបានស្ថានីយនេះ ក្រសួងអាចផ្ទេរបច្ចេក ទេសដល់កសិករ ទាំងការ ផលិតកូនត្រី ក៏ដូចជាការចិញ្ចឹមត្រីសាច់ ដោយផ្តោតជាសំខាន់ទៅលើការបណ្តុះបណ្តាលយកសិករធ្វើជាគ្រូបង្គោល និងជាភ្នាក់ងារផ្សព្វផ្សាយវារីវប្បកម្មឱ្យអនុវត្តច្រើននៅតាមមូលដ្ឋាន។
ឯកឧត្តមអ្នកតំណាងរាស្ត្រមានប្រសាសន៍បន្ថែមថា៖មួយផ្នែកទៀតខណ្ឌជលផលខេត្តអាចមានលទ្ធភាពជួយកែប្រែកសិករនិងអ្នកនេសាទ ដែលធ្លាប់តែពឹងផ្អែកលើធន ធានមច្ឆជាតិ ឱ្យក្លាយទៅជាកសិករចិញ្ចឹមត្រីវិញ សម្រាប់ពង្រីកបរិមាណត្រីចិញ្ចឹម យកទៅផ្គត់ផ្គង់នៅទីផ្សារ និងទប់ស្កាត់ការដឹកជញ្ជូនត្រីដែលនាំចូលពីបរទេសបានថែមទៀត ។
លោកទំ នីរ៉ូ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានទទួល ស្គាល់ថា ជាមួយនឹងការ ពង្រីកបរិមាណត្រីចិញ្ចឹមនេះ យើងបានបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលទៅតាម ច្បាប់ស្តីពីជលផល ដើម្បីកាត់បន្ថយដល់ការធ្វើនេសាទហួសកំរិត។
លោកបន្តថា នៅពេលស្ថានីយនេះដំណើរការ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹង ត្រែងអាចផ្គត់ផ្គង់កូនត្រីសម្រាប់កសិករនៅតាមបណ្តាខេត្តភូមិភាគឦសាន្ត យកទៅចិញ្ចឹមតាមផែនការ ក្នុងការ ផលិតត្រីសាច់និងបានភ្ញាស់ពូជត្រីសំខាន់ៗផ្សេងៗទៀត ឱ្យបានច្រើនប្រភេទ។
សូមបញ្ជាក់ថា ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជប្រចាំខេត្តស្ទឹងត្រែងនេះ បានចំណាយថវិកាសាងសង់ប្រមាណ១លានដុល្លារហើយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១ ដែលនឹងធ្វើឱ្យខេត្តស្ទឹងត្រែងក្លាយជាម្ចាស់ក្នុងការផលិតកូនត្រី និងធ្វើជាអ្នកចែកចាយពូជកូនត្រី ទៅវារីវប្បកម្មជាលក្ខណៈគ្រួសារ និងទៅតាមបណ្តាខេត្ត និងទៅប្រទេសជិតខាងវិញ ៕
www.information.gov.kh