(សម្តេច ស ខេង) សមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែន ត្រូវខំទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
សម្តេចក្រឡាហោម ជំរុញឲ្យសមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែនខិតខំទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីលុបបំបាត់ការជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានស្នើដល់បណ្តាខេត្តមួយចំនួនដែលជាប់ព្រំដែនត្រូវធ្វើយ៉ាងណាខិតខំទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា បច្ចុប្បន្ននេះបើទោះបីជាយើងបានបិទច្រកចេញ-ចូលផ្លូវការរួចហើយក៏ដោយ ក៏មានពលរដ្ឋមួយចំនួននៅតែចេញ-ចូលនៅតាមច្រករបៀង ដូចនេះសមត្ថកិច្ចនៅតាមបណ្តាខេត្តត្រូវយកចិត្តទុកដាក់បន្ថែម។ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមទៀតថា “ប្រទេសថៃនាពេលនេះ កំពុងតែដាក់ប្រទេសនៅក្នុងភាពអាសន្ននៅឡើយ ហេតុនេះហើយការលួចឆ្លងដែន គឺខុសច្បាប់ទាំងស្រុង ទាំងអ្នកទៅ ក៏ខុស អ្នកនាំ ក៏ខុសច្បាប់ដូចគ្នា”។
សំឡេង៖«ខ្ញុំសូមស្នើដល់ រដ្ឋបាលដែនដី កម្លាំងកងយុទ្ធពលខេមរភូមិន្ទ កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដទៃទៀត ដែលមានការពាក់ព័ន្ធត្រូវរួមគ្នា ទប់ស្កាត់ដើម្បីកុំឱ្យមានការលួចឆ្លងកាត់ខុសច្បាប់ទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ។
សូមបញ្ជាក់ថា ករណីអំពើជួញដូរមនុស្ស សមត្ថកិច្ច បង្ក្រាបបានចំនួន ៣៨ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦១នាក់ (ស្រី៣៨នាក់) អនីតិជនម្នាក់ ជនបរទេស ៦នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួន ១៥១នាក់។ ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបានចំនួន ១៣១ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ១៦៨នាក់ ក្នុងនោះស្ត្រី ៣៤នាក់ អនីតជន ១០នាក់ ជនបរទេស ៣៤នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួន ៣០៥នាក់។ ដោយឡែកបើយោងតាមរបាយការណ៍ពីនាយកដ្ឋានអន្តោប្រវេសន៍ បានកសាងសំណុំរឿងបញ្ជូនជនបរទេសដែលពាក់ព័ន្ធ បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទទៅតុលាការ បានចំនួន ១៨លើក ក្នុងមនុស្ស ៦៥នាក់ ស្មើនឹង ៨សញ្ជាតិ ដែលមានជនជាតិចិន ចំនួន ២៩នាក់, អាមេរិក ២នាក់, អូស្ត្រាលី ២នាក់, អង់គ្លេស ២នាក់, អាឡឺម៉ងម្នាក់, ជនជាតិថៃ ចំនួន១៥នាក់, វៀតណាមចំនួន ៣នាក់ និងជនជាតិឥណ្ឌម្នាក់៕