January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ស្ថិតក្នុងរយៈពេល៥ខែនៃឆ្នាំ២០២០នេះ ការផ្ទេរកម្មសិទ្ធិយានយន្តមានចំនួនរហូតដល់ជាង៨ពាន់គ្រឿង

ស្ថិតក្នុងរយៈពេល៥ខែនៃឆ្នាំ២០២០នេះ ការផ្ទេរកម្មសិទ្ធិយានយន្តមានចំនួនរហូតដល់ជាង៨ពាន់គ្រឿង

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ  ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ ការផ្ទេរកម្មសិទ្ធិយានយន្តមានចំនួន៨.៨១០គ្រឿង ដែលនេះជាតួលេខមួយខ្ពស់ ខណៈកាលពីឆ្នាំ២០១៩  មានត្រឹមតែចំនួន៦.៦៧៨គ្រឿងតែប៉ុណ្ណោះ។

លោក ផាន់ ច័ន្ទដាឫទ្ធិ មន្ត្រីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបញ្ជាក់ថា ក្នុងចំណោមយានយន្តបានធ្វើការផ្ទេរកម្មសិទ្ធិរួចរាល់នេះ គឺមានរថយន្តធុនតូច ដែលផ្ទេរកម្មសិទ្ធិក្នុងរាជធានី-ខេត្ត ចំនួន៦.៣៦៧គ្រឿង និងរថយន្តធុនតូចផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្តមានចំនួន១.៩៣៧គ្រឿង។ ជាមួយគ្នានេះ រថយន្តធុនធំដែលផ្ទេរកម្មសិទ្ធិក្នុងរាជធានី-ខេត្តចំនួន២៦៦គ្រឿង ហើយរថយន្តធុនធំដូចគ្នា ដែលផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្តមានចំនួន១៨២គ្រឿង។ ដោយឡែក រ៉ឺម៉ក ឬសឺមីរ៉ឺម៉កយានយន្ត ដែលផ្ទេរកម្មសិទ្ធិក្នុងរាជធានី-ខេត្ត មានចំនួន៥៥គ្រឿង និងផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្តមានចំនួន៣គ្រឿង។

ថ្លែងក្នុងកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ទូរទស្សន៍ជាតិកម្ពុជា ដែលធ្វើឡើងក្រោមប្រធានបទអំពីនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត កាលពីថ្ងៃទី២៨ ខែឧសភា លោកបានធ្វើការក្រើនរំឭកដល់ម្ចាស់យានយន្តទាំងអស់ ត្រូវរួសរាន់ផ្ទេរកម្មសិទ្ធិឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៅផ្លូវជាសុផារ៉ា រាជធានីភ្នំពេញ ឬនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទៅតាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងយានយន្តស្របច្បាប់ និងរួចផុតការផាកពិន័យដែលកំណត់ដោយច្បាប់ជាធរមាន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្តទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តឲ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងជំនាញនេះ បានពន្យល់ថា អ្នកមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យសុំផ្ទេរកម្មសិទ្ធិ ដោយភ្ជាប់នូវសំណុំឯកសារដូចជា៖ ផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់តួ ឬ សាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានយន្ត ដោយភ្ជាប់ជាមួយបណ្ណសម្គាល់(ច្បាប់ដើម) និងស្លាកលេខសម្គាល់យានជំនិះ(ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ ដោយក្នុងនោះសម្រាប់ពលរដ្ឋខ្មែរ ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច និងជនបរទេស ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានេះ ក៏ត្រូវមានបង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត លិខិតលក់ទិញ កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាលក្នុងរាជធានី-ខេត្ត គឺមានតម្លៃ៤៨.០០០រៀល និងឆ្លងរាជធានី-ខេត្ត តម្លៃ១០១.០០០រៀល។ ដោយឡែក ចំពោះកម្រៃការផ្ទេរកម្មសិទ្ធិសម្រាប់រថយន្តធុនធំ ឬធុនធ្ងន់ក្នុងរាជធានី-ខេត្ត មានតម្លៃ៦៧.០០០រៀល និងឆ្លងរាជធានី-ខេត្ត តម្លៃ១២៥.០០០រៀល។តម្លៃនេះមិនរួមបញ្ជូលនឹងពន្ធប្រថាប់ត្រា៤ភាគរយ របស់អគ្គនាយកដ្ឋានពន្ធដារនោះឡើយ៕នាយកដ្ឋានពន្ធដារនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.