January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

(សៀមរាប)៖ប្រជាពលរដ្ឋក្រីក្រចំនួន ២,០០០គ្រួសារ មកពីឃុំទាំង១០នៅក្នុងស្រុកក្រឡាញ់ ទទួលបានអំណោយពីមនុស្សធម៌ពីមូលនិធិថៃយ៉ា

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១

(សៀមរាប)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋក្រីក្រចំនួន ២,០០០គ្រួសារ មកពីឃុំទាំង១០នៃស្រុកក្រឡាញ់ ខេត្តសៀមរាប មានគ្រួសារ ប្រជាពលរដ្ឋក្រីក្រ ក្រ១ ក្រ២ និងអ្នកដែលមានជីវភាពលំបាកជាក់ស្តែង បានទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីមូលនិធិ ថៃ យ៉ា ផ្តល់តាមរយ:ឯកឧត្តម ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្ត និងឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភាមណ្ឌលសៀមរាប ដោយអំណោយទាំងនោះរួមមាន: អង្ករ៣០តោន ,ត្រីខ២,០០០យួរ ,អំបិល ២,០០០កញ្ចប់ ,ទឹកស៊ីអីវ ២,០០០យួរ និងអាកុលលាងដៃចំនួន ២,០០០ដប ។

 

បើតាមលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ឱ្យដឹងថា ក្នុងស្រុកលោកស្រី ទទួលបានគោលនយោបាយប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសារក្រីក្រ ក្រ១ ក្រ២ និងក្រថ្មីសរុបចំនួន ២,២២២គ្រួសារ បានបើកប្រាក់ឧបត្ថម្ភប្រចំាខែ គឺចាប់តាំងពីខែសីហា ដល់ខែធ្នូ ឆ្នំា២០២០នេះ និងនៅតែបន្តបើកតាមធម្មតាសម្រាប់ជុំទី៤ នៅឆ្នំា២០២១ បន្តទៀត (គឺក្នុងខែមករា កុម្ភៈ និងខែមិនា)។ មកទល់បច្ចុប្បន្ននេះ អាជ្ញាធរស្រុកបានទទួលបងប្អូនចំណូលស្រុកមកវិញ ដំណាក់កាលទី១ មានចំនួន ៩៨៩នាក់ ស្រី ៤៥៥នាក់ ដំណាក់កាលទី២ បានធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះមានចំនួន ២១៥នាក់ និងដំណាក់កាលទី៣នេះ បានរៀបចំធ្វើចត្តាឡីស័កមានចំនួន ៨១នាក់ ស្រី ៤២នាក់ និងបច្ចុប្បន្ននេះមិនមានប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នៅវិទ្យាល័យក្រឡាញ់នោះទេ ដោយត្រូវឲ្យធ្វើចត្តាឡីស័កនៅខេត្តជាប់ព្រំដែនវិញតែម្តង។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាម គោលការណ៍របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តន៍ឱ្យខ្ជាប់ខ្លួនតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដែលតម្រូវឱ្យអនុវត្តនូវវិធានការ “៣ការពារ” គឺ១/ការពាក់ម៉ាស់ រាល់ពេលចេញក្រៅផ្ទះ លាងដៃញឹកញាប់ជាមួយសាប៊ូ អាកុល ឬជែល ៣)រក្សា គម្លាតសុវត្ថិភាពសង្គមបុគ្គលម្នាក់ទៅម្នាក់ ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា នៅ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់កា លៈទេសៈ។ និងសូមអនុវត្តវិធាន”៣កុំ” គឺកុំទី១កុំចូលទៅទីកន្លែងបិទជិតខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើន រកកន្លែងដែលមានខ្យល់ចូល កុំទី២ កុំទៅទីដែលមានមនុស្សច្រើនកុះករ និងកុំទី៣ កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱប នៅពេលជួបគ្នាជាដើម ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ក្រោមការនាំការដឹកនាំដ៏ឈ្លាសវៃ និងក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមាតុប្រទេសយើង ទទួលបានសុខសន្តិភាព ស្ថេរភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់ថ្ងៃនេះ ហើយស្របពេលនឹងប្រទេសជាតិមានសុខសន្តិភាពនេះ ហេតុនេះសូមអុំពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាការពារ និងថែរក្សាសន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្សដើម្បបន្តនិរន្តរភាព នៃការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចំរើនទ្វេរឡើងថែមទៀតទុកសម្រាប់កូនចៅយើងជំនាន់ក្រោយ ។

ឯកឧត្តម សៀង ណាំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកល ហើយនៅទូទាំងសកលលោកនេះ បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរបំផុត គឺការរីករាលដាលនៃជំងឺឆ្លងកូវីដ- ១៩ ដោយឡែកក្នុងប្រទេសកម្ពុជាយើង ក៏បានទទួលរងនូវការឆ្លងជំងឺនេះដែរ ហេតុនេះសូមបងប្អូនការពារអាយុជីវិត និងសុខភាព ធ្វើយ៉ាងណាទប់ស្កាត់ការរីករាយដាល នៃជំងឺនេះចូលក្នុងសហគមន៍យើង៕

Sourcing: www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.