ចូលឆ្នាំចិនជិតចូលមកដល់អាជីវករខ្មែរលក់ផ្កាអង្គាសីល ចាប់ផ្តើមតាំងលក់ផ្កាអង្គាសីលឱ្យកូនខ្មែរកាត់ចិនបណ្តើរៗហើយ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១
បាត់ដំបង ៖ នៅតាមដងស្ទឹងសង្កែខេត្តបាត់ដំបងឱ្យតែកៀកថ្ងៃចូលឆ្នាំប្រពៃណីចិនម្តងៗ តែងតែឃើញក្រុមអ្នកមានមុខ របរលក់ផ្កាអង្គាសីលដាក់តម្រៀបដើមផ្កាជាជួរៗយ៉ាងវែង ដើម្បីតាំងលក់ឱ្យប្រជាពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន ដើម្បីទិញយកទៅដាក់តាំងលម្អ និងសែន ដើម្បីលើកជោគជតារាសី និងនាំសំណាងក្នុងឆ្នាំថ្មី ។
ក្រុមអ្នកមានមុខរបរលក់ដើមផ្កាអង្គាសីលបានឱ្យដឹងថា ផ្កាទាំងនេះត្រូវបានកាប់មក ពីតំបន់ ភ្នំនានាក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ដែលមានព្រៃជាប់តំបន់នេះ។ថ្វីត្បិតតែ ចូលឆ្នាំប្រពៃណីចិន ជិតចូលមកដល់ អ្នកលក់ផ្កាអង្គាសីលបានត្អូញត្អែរថា ឆ្នាំនេះលក់ផ្កាមិនសូវដាច់នោះទេ ខុសពីរាល់ឆ្នាំ ។ពួកគាត់បាននិយាយថា ប្រហែលមកបញ្ហាជំងឺកូវីដ-១៩ហើយ បានជាមិនសូវមានភ្ញៀវមកទិញដូចមុន។ បើសិនជាលក់មិនដាច់នោះទេ ប្រាកដជាខាតបង់ធ្ងន់ហើយ ព្រោះពួកគាត់ខ្លះបានខ្ចីបុលគេ ដើម្បី ធ្វើដើមរកស៊ីរបរនេះ ក្នុង១ឆ្នាំម្តង។
លោក ចាន់ ដែលដឹកផ្កាអង្គាសីលមកតាំងពីខេត្តពោធិ៍សាត់បានឱ្យដឹងថា ផ្កាទាំងនេះ ពួកគាត់កាប់ពីតំបន់ព្រៃ គឺរើសយកដើមណាល្អៗ បែកមែកស្អាត ដើម្បីលក់បានថ្លៃ ប៉ុន្តែមិនបានល្អទាំងអស់នោះទេ គឺមានតូចមានធំ ។ ចំណែកការថែទាំវិញត្រូវការពេលវេលា ចាប់ពី១០ ថ្ងៃទៅកន្លះខែដោយបាញ់ទឹកជាប្រចាំ ដើម្បីឱ្យផ្ការីកទើបលក់បាន។
អ្នកលក់បានបញ្ជាក់ថា តម្លៃផ្កាអង្គាសីលមួយដើមៗលក់ចាប់ពី៥ដុល្លារ៥០ដុល្លារឬលើសពីនេះ ទៅតាមដើមផ្កាល្អឬមិនល្អ និង តាមទំហំដើមផងដែរ។
អ្នកជាប់សែស្រឡាយចិន ដែលនាំគ្នាមកទិញផ្កាអង្គាសីលមួយៗ តាមដងស្ទឹងសង្កែ ខេត្តបាត់ដំបងនោះបានឱ្យដឹងថា ការសែនផ្កាអង្គាសីលគឺធ្វើទៅតាមជំនឿតៗគ្នា តាមប្រពៃណី យូរមកហើយ គឺសែនដើម្បីលម្អផង សុំសេចក្តីសុខ រួចផុតពីទុក្ខទោស និង ផ្សងលើករាសី គឺបើដើមផ្ការីកល្អក្នុងថ្ងៃសែន ការរកស៊ីនឹងកាក់កបក្នុងឆ្នាំថ្មីជាដើម ។
ក្រៅពីអ្នកលក់ផ្កាអង្គាសីល ឃើញមានហាងនានាក្នុងក្រុងបាត់ដំបងក៏ចាប់ផ្តើមលក់សម្ភារនិងគ្រឿងលម្អនានា សម្រាប់ តុបតែងលម្អតាមលំនៅឋាន ឬ លម្អតាមហាងលក់ទំនិញធំៗ ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនព្រោងព្រាត ផងដែរ ។ក្រុមអាជីវករទាំងនេះក៏បាននិយាយស្រដៀងគ្នានឹងអ្នកលក់ផ្កាអង្គាសីលដែរថា ឆ្នាំនេះក៏លក់មិនសូវដាច់ដូចគ្នា ។ ចំណែកវិហារចិន ក៏តុបតែងត្រៀមទទួលឆ្នាំថ្មីផងដែរ ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនមានរយៈពេលបីថ្ងៃ និង ចាប់ផ្តើម នៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ខែ កុម្ភៈ ខាងមុខ ពោលគឺនៅសល់តែ០៩ ថ្ងៃទៀតប៉ុណ្ណោះ៕
www.information.gov.kh Sourcing