ខេត្តកោះកុង៖នឹងបើកឱ្យដំណើរការហោះហើរសាកល្បង នូវព្រលានយន្ដហោះថ្មីនាចុងឆ្នាំ២០២១នេះ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១
ខេត្តកោះកុង៖ ព្រលានយន្ដហោះថ្មីខេត្តកោះកុង នឹងបើកឱ្យដំណើរការជើងហោះហើរសាកល្បង នៅចុងឆ្នាំ២០២១នេះ ខណៈបច្ចុប្បន្ន ផ្លូវរត់សម្រាប់យន្ដហោះ បានសាងសង់រួចរាល់ជាស្ថាពរហើយ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្ដរបស់ខេត្តកោះកុង » នាទីស្តីការ គណ:រដ្ឋមន្រ្តី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ថា ព្រលានយន្ដហោះថ្មីដែលគ្រោងនឹងបើក ឱ្យដំណើរការជើងហោះហើរសាកល្បងនេះ គឺស្ថិតនៅតំបន់តារាសាគរ ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ។
លោកបានបន្តថា ព្រលានយន្ដហោះថ្មីនេះ វិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹកប្រាក់ ១៥០លានដុល្លារ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកោះកុង កាន់តែខ្លាំងបន្ថែមទៀត តាមរយៈការបណ្ដាក់ទុនវិនិយោគ និងវិស័យទេសចរណ៍ជាដើម ។
« នៅក្នុងពេលដ៏ខ្លីខាងមុខនេះនៅក្នុងខេត្តកោះកុង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន គឺរដ្ឋបាលខេត្តកោះកុងគ្រោងនឹងមានព្រលានយន្តហោះចំនួន២ ទី១ព្រលានយន្តហោះខ្នាតធំនៅក្នុងស្រុក គិរីសាគរ ហើយការអភិវឌ្ឍន៍ជាព្រលានយន្តហោះនៅក្នុងស្រុកគិរីសាគរនេះគឺសឹងតែរួចរាល់មួយរយភាគរយហើយ តាមគម្រោងអាចនឹងបើកឱ្យហោះហើរសាកល្បងបានហើយ តែដោយសារបញ្ហាកូវីដ គឺយើងនឹងពន្យារពេលបន្តិច » ។
លោកបន្ថែមថា បច្ចុប្បន្នគម្រោងស្ថាបនាផ្លូវសម្រាប់យន្ដហោះរត់នៅសល់តែការបំពាក់ភ្លើងសញ្ញាតែប៉ុណ្ណោះ ដែលកំពុង រៀបចំ ។ ដោយឡែក ច្រកសម្រាប់អ្នកដំណើរ សាងសង់រួចរាល់បានប្រហែលជិត៧០ភាគរយ ហើយគ្រោងនឹងបញ្ចប់ នៅពេលឆាប់ៗខាងមុខនេះ ។
សូមបញ្ជាក់ថា គម្រោងបើកឱ្យដំណើរការហោះហើរសាកល្បងនេះ គឺគ្រោងនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១នេះ ប៉ុន្ដែដោយសារជំងឺកូវីដ-១៩ ទើបពន្យាបន្ដិចទៅដល់ត្រីមាសទី៤ ឆ្នាំ២០២១ ៕
www.information.gov.kh sourcing