January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សៀមរាប៖ សត្វស្លាបកម្រៗប្រមាណ១៦០ប្រភេទកំពុងទទួលបានការអភិរក្សនិងការពារពីសំណាក់អាជ្ញាធរពាក់ព័ន្ធនិងសហគមន៍នៅបឹងធម្មជាតិពារាំង

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ  ១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១

សៀមរាប៖ សហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិបឹងពារាំង ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានចម្ងាយប្រមាណ១៣គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសៀមរាប។ បច្ចុប្បន្នទីតាំងនេះបានក្លាយជាកន្លែងអាស្រ័យនៅ នៃពពួកសត្វស្លាប ជាច្រើនប្រភេទ និងទទួលបានការ ការពារថែរក្សា ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនិងសហគមន៍ផងដែរ។

លោកសុខ សំណាង ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិបឹងពារាំង បានប្រាប់អ្នកយកព័ត៌មាន វិទ្យុជាតិកម្ពុជាថា សហគមន៍នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយបានចូលរួមសកម្មភាពជាមួយអាជ្ញាធរពាក់ព័ន្ធ នានា ក្នុងការការពារនិងអភិរក្សព្រៃឈើជាពិសេសសត្វស្លាបក្នុងតំបន់បឹងធម្មជាតិពារាំង។លោកបន្តថា តាមការប៉ាន់ប្រមាណ ចំនួនសត្វស្លាបដែលកំពុងអាស្រ័យនៅក្នុងបឹងអភិរក្សពារាំង មានចន្លោះពី១៣០ទៅ១៦០ប្រភេទ ដែលសុទ្ធតែជាប្រភេទកម្រៗ ដូចជា៖ទុង ត្រដក់ រនាល និងក្អែកទឹកជាដើម។

លោកបន្តថា ដើម្បីឱ្យការងារអភិរក្សសត្វស្លាបទទួលបានប្រសិទ្ធភាព ក្រុមការងារសហគមន៍បានធ្វើសកម្មភាពយាមល្បាត ជាប្រចាំ ការបញ្ជ្រាបចំណេះដឹងអំពីផលប្រយោជន៍របស់សត្វស្លាប ទៅកាន់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងជាពិសេស វិស័យទេសចរណ៍ដែលប្រជាពលរដ្ឋទទួលបាន ក្រោយពេលពួកគាត់បញ្ឈប់ការបរបាញ់សត្វស្លាប។

យើងអភិរក្សត្រី យើងអភិរក្សព្រៃ វានាំឱ្យមានសត្វស្លាប ព្រោះត្រីជាចំណីររបស់សត្វស្លាប ព្រៃលិចទឹកជាជម្រក របស់ត្រីផង របស់សត្វស្លាបផង ជាទូទៅនៅរដូវប្រាំងយើងធ្វើស្ថិតិទៅបានចន្លោះប្រមាណពី១៣០ទៅ១៦០ប្រភេទ នៅបឹងពារាំងយើង ក្នុងនោះមានទុង មានត្រដក់ រនាលពណ៌ មានក្អែកទឹកតូចធំ ដែលទៅរកចំណីនៅកន្លែងហ្នឹង សកម្មភាពការពារ អភិរក្សនៅសហគមន៍ផ្សេងៗមិនខុសគ្នាទេ យើងមានក្រុមល្បាតនៅពេលយប់ មានការបណ្តុះបណ្តាល ឱ្យប្រជាពលរដ្ឋចេះស្រឡាញ់សត្វស្លាប នៅឆ្នាំទីមួយ ឆ្នាំទីពីរគាត់អត់សូវចូលរួមទេ ដល់ឆ្នាំទីបី ទីបួនយើងធ្វើមែនទែន នៅពេលយប់គាត់ឆ្លុះសត្វ ដាក់អន្ទាក់សត្វធ្វើជាអាហារ តែយើងព្យាយាមពន្យល់គាត់ ថាអាហ្នឹងមិនមែនមុខរបរដែលសំខាន់ បើសិនយើងថែរក្សាទៅមានចំណូលទេសចរណ៍ តាមរយៈការដាំដុះ នេសាទត្រី ធ្វើស្រែចម្ការ និងដឹកភ្ញៀវវិញ។

ជាមួយបញ្ហានេះផងដែរ លោកស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មានប្រសាសន៍ថា តាមរយៈកិច្ចការងារ អភិរក្សសត្វស្លាបនៅតាមសហគមន៍នានា មន្ត្រីជំនាញ បានធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នានា ជាពិសេសផ្លូវច្បាប់ ទៅកាន់ប្រជាពលរដ្ឋ ពីព្រោះសកម្មភាពទាំងនោះចាត់ទុកថាជាទង្វើខុសច្បាប់។លោកបានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍ព្រៃឈើនានា ត្រូវចូលរួមជាមួយស្ថាប័នពាក់ព័ន្ធ ចំពោះការការពារ អភិរក្សសត្វស្លាបនៅកម្ពុជា ជាពិសេសត្រូវបញ្ឈប់សកម្មភាពដុតបំផ្លាញព្រៃលិចទឹក ដែលជាជម្រក របស់ជីវៈចម្រុះទាំងឡាយ។

ជាទូទៅយើងមានការផ្សព្វផ្សាយ ការល្បាត ការបង្រ្កាប ជាទស្សនៈរបស់ខ្ញុំជាង២០ឆ្នាំមកនេះ ប្រជាពលរដ្ឋ គាត់បានយល់ហើយ តាមរយៈការអភិរក្ស ឬការផ្សព្វផ្សាយកុំឱ្យបរបាញ់សត្វ ដាក់អន្ទាក់ឬក៏ឆក់ ជាទូទៅតាមប្រភេទនៃ បទល្មើស និងយោងទៅលើច្បាប់អនុក្រឹត្យ ឬសេចក្តីប្រកាសផ្សេងៗ ហើយការបរបាញ់សត្វជាទូទៅមិនសូវកើតមានទេ ក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ប៉ុន្តែក៏នៅមានមួយចំនួនតូចដែរ ដែលលួចឬល្មើស ចំពោះទណ្ឌកម្ម ផ្សេងៗ គឺអាស្រ័យលើស្ថានភាពច្បាប់។

សូមជម្រាបថា សហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិបឹងពារាំង ជាតំបន់អភិរក្សត្រីមេពូជ ស្ថិតក្នុងផ្ទៃទឹកប្រមាណ២៥០ហិកតា ព្រៃលិចទឹកនិងដើមពារាំងដែលជាជម្រកត្រីនិងសត្វស្លាបអាស្រ័យនៅជាង៣០០០ហិកតា និងប្រភេទសត្វស្លាបកម្រៗ ដូចជា ត្រយង ទុង រនាលពណ៌ ក្អែកទឹក និងសត្វស្លាបជាច្រើនប្រភេទចន្លោះពី១៣០ទៅ១៦០ប្រភេទទៀតអាស្រ័យនៅ និងស្វែងរក ចំណីរអាហារ។បច្ចប្បន្នទីតាំងនេះ ក៏ជាកន្លែងស្វាគមន៍ភ្ញៀវទេសចរ ដែលចង់ទៅទស្សនា សម្រស់ធម្មជាតិ ជាពិសេសព្រៃលិចទឹក និងសត្វស្លាបចម្រុះពណ៌៕

www.information.gov.kh Sourcing

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.