ក្រសួងសុខាភិបាល៖កុំចាញ់បោកព័ត៌មានប្រឌិតលើវ៉ាក់សាំងកូវីដ-១៩ ចៀសវាងការបង្កចលាចលដល់ប្រជាពលរដ្ឋទូទាំងប្រទេស
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ ៖ ក្រសួងសុខាភិបាល អំពាវនាវដល់សាធារណជន កុំចាញ់បោកព័ត៌មានប្រឌិតលើវ៉ាក់សាំងកូវីដ-១៩ ពិសេសកុំចែកចាយបន្តគ្នាឱ្យសោះ ដោយត្រូវពិនិត្យពីប្រភពឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការបង្កចលាចលដល់ប្រជាពលរដ្ឋទូទាំងប្រទេស ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលកម្ពុជាទទួលបាន ពីសាធារណរដ្ឋប្រជាមានិតចិន មានគុណភាពនិងប្រសិទ្ធភាពរហូតដល់ទៅជិត៨០ភាគរយ ដែលបច្ចុប្បន្ននេះមានអ្នកស្ម័គ្រចិត្តរាប់ពាន់អ្នកបានចូលរួមចាក់ ដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ។
លោកជំទាវមានប្រសាសន៍ បញ្ជាក់បែបនេះ ខណៈដែលកាលពីពេលកន្លងទៅថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានប្រឌិតនិងបំពុលសង្គមពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលបានបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងព្រួយបារម្ភពីបញ្ហាទាំងនេះ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានជុំវិញការកែសម្រួលអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល លោកជំទាវ ឱ វណ្ណឌីន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមបញ្ឈប់ការចែកចាយបន្តនូវព័ត៌មានមិនពិត ដើម្បីកុំឱ្យចាញ់បោកជនខិលខូចមួយចំនួន ដោយត្រូវពិនិត្យពីប្រភព ពិនិត្យចំណងជើងឱ្យបានច្បាស់លាស់ ហើយក៏ត្រូវមើលសាច់រឿង ពីព្រោះព័ត៌មានប្រឌិតខ្លះដាក់ចំណងជើងដើម្បីទាក់ទាញតែប៉ុណ្ណោះ ។
« ក្រសួងសុខាភិបាលនៅតែអំពាវនាវហើយអំពាវទៀត សូមបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកហើយកុំជឿទៅលើព័ត៌មានប្រឌិតជាពិសេសនោះគឺកុំចែកចាយនូវព័ត៌មានដែលយើងមើលទៅព័ត៌មាននោះវាប្រឌិត ដូច្នេះកុំចែកចាយបន្តគ្នា កាលណាយើងចែកចាយបន្តចង់មិនចង់យើង ក៏ចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយនូវព័ត៌មានដែលប្រឌិតនោះទៅហើយដោយមិនដឹងខ្លួន ដូច្នេះប្រសិនបើដឹងភ្លាមគឺបញ្ឃប់ភ្លាម បញ្ឃប់នូវការចែកចាយនោះ »។
លោកជំទាវ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់សូមធ្វើការពិចារណាឱ្យបានដិតដល់ ជាពិសេសតាមដានជាប់ជាប្រចំានូវព័ត៌មានដែលចេញផ្សាយដោយក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយដោយអង្គការសុខភាពពិភពលោក ឬស្ថាប័ន អង្គការធំៗដែលមានការទទួលខុសត្រូវខ្ពស់ ។
សូមបញ្ជាក់ថា មកដល់ពេលនេះ ចំនួនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ មានចំនួន៣៨០៣នាក់ (ស្រី១២៥៩នាក់) ៕
www.information.gov.kh