អ្នកជំនាញអង្គការសហប្រជាជាតិដាក់ការព្រួយបារម្ភចំពោះកង្វះស្បៀងនៅកូរ៉េខាងជើង ខណៈពេលដែលកំពុងមាន(Virus)រោគរាតត្បាត
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
កាលពីថ្ងៃអង្គារ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង បានសម្តែងការព្រួយបារម្ភចំពោះកង្វះខាតស្បៀងអាហាររបស់ប្រទេសកុម្មុយនិស្តមួយនេះ ដោយលោកបាននិយាយថា ការបិទព្រំដែនរបស់ប្រទេសនេះដោយសារតែមេរោគកូរ៉ូណាវីរុសបានធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។
លោក Tomas Ojea Quintana បានជំរុញឱ្យអង្គការសហប្រជាជាតិពិចារណាឡើងវិញនូវទណ្ឌកម្មដែលបានដាក់លើប្រទេសនេះ ដោយលោកបានលើកឡើងនូវរបាយការណ៍អំពីការកើនឡើង នៃចំនួនប្រជាជនគ្មានផ្ទះសម្បែង និងការកើនឡើងនូវតម្លៃថ្នាំនៅកូរ៉េខាងជើង។ លោកក៏បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងអនុញ្ញាតដល់រាល់សកម្មភាពរបស់ក្រុមមនុស្សធម៌ផងដែរ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កង្វះស្បៀងអាហារបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កូរ៉េខាងជើងនៅទសវត្សរ៍ឆ្នាំ ១៩៩០ ហើយការរំពឹងទុកនៃការខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ និងអសន្តិសុខស្បៀងដែលកំពុងតែរីករាលដាលកំពុងធ្វើឱ្យមានការព្រួយបារម្ភ»។
លោក Quintana បាននិយាយថា ការសម្រេចរបស់កូរ៉េខាងជើងក្នុងការបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិននៅក្នុងខែមករា ដើម្បីរារាំងមិនឱ្យជំងឺកូវីដ-១៩ ចូលទៅក្នុងប្រទេសនេះ បានធ្វើឱ្យអន្តរាយដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការចំណេញប្រាក់ចំណូលពីឈ្មួញពាណិជ្ជកម្ម។
នៅមុននេះ មន្ត្រីទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងត្រូវបានសន្មតថា កំពុងប្រឈមមុខនឹងកង្វះខាតគ្រាប់ធញ្ញជាតិប្រហែល ៨៦០.០០០តោននៅក្នុងឆ្នាំនេះ។
លោក Quintana បាននិយាយថា «វិបត្តិនេះបានបង្ហាញអំពីការលំបាកផ្នែកសេដ្ឋកិច្ចដែលប្រជាជន កូរ៉េខាងជើងកំពុងប្រឈម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការដាក់ទណ្ឌកម្មទៅលើការបំពេញនូវសិទ្ធិសេដ្ឋកិច្ច និងសង្គមជាមូលដ្ឋាន»។
អ្នកជំនាញអង្គការសហប្រជាជាតិរូបនេះ ក៏បានជំរុញឱ្យកូរ៉េខាងជើងដោះលែងអ្នកទោសនៅក្នុងស្ថានភាពសុខភាពដែលងាយរងគ្រោះ ដើម្បីការពារការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស៕