រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា៖ក្រសួងនឹងទិញឧបករណ៍ប្រព័ន្ធបញ្ជាទូរទស្សន៍ឌីជីថលចែកជូនកងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែននិងមួយចំណែកទៀតចែកជូនប្រជាជនក្រីក្រ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ ពុធ ៥រោច ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៣ ខែ មីនា ឆ្នាំ២០២១
ភ្នំពេញ៖ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងទិញឧបករណ៍ប្រពន្ធ័បញ្ជាទូរទស្សន៍ឌីជីថល ដើម្បីចែកជូនមួយចំណែកសម្រាប់ទីតាំងកងកម្លាំងប្រដាប់អាវុធនៅតាមតំបន់ព្រំដែន និងមួយចំណែកទៀតចែកជូនប្រជាជនក្រីក្រ ព្រមជាមួយនឹងការលក់ក្នុងតម្លៃទាបរហូតដល់អស់មានអ្នកប្រើប្រាស់ទូរទស្សន៍ប្រព័ន្ធអាន់ណាឡូកនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមអនុញ្ញាតឱ្យលោក សោម ឆាយា អគ្គនាយករងទទួលបន្ទុកព័ត៌មាន រួមជាមួយអ្នកដឹកនាំស្ថានីយទូរទស្សន៍ PNN ចូលជួបសម្តែងការគួរសមនិងសុំមតិយោបល់ ដើម្បីសិក្សាស្វែងយល់ពីដំណើរការ នៃការរៀបចំថ្នាលទូរទស្សន៍ ឌីជីថល ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការរៀបចំធ្វើការផ្តាស់ប្តូរពីប្រព័ន្ធផ្សាយទូរទស្សន៍អាន់ណាឡូកទៅជាឌីជីថលនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថាទាក់ទងកិច្ចការងារនេះ កន្លងមកនេះ ក្រសួងព័ត៌មាន បានលើកជាគម្រោងសម្រាប់ការប្រើប្រាស់ប្រពន្ធ័ទូរទស្សន៍ឌីជីថល ដែលអាចបើកទូរទស្សន៍ តាមរលកធាតុអាកាសច្បាស់ល្អ នៅទូទាំងប្រទេស ដោយអាស្រ័យលើការរៀបចំប្រពន្ធ័ប្រទាក់ក្រឡាគ្នា ។ គម្រោងកិច្ចការងារដ៏សំខាន់នេះ ត្រូវអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែនឱ្យធ្វើជាលក្ខណៈក្រុមហ៊ុនចម្រុះរដ្ឋ និងឯកជន ដោយរដ្ឋជាអ្នកនាំមុខក្នុងទុនប្រតិបត្តិការការងារនេះ។ ដូច្នេះបណ្តាស្ថានីយទូរទស្សន៍ឯកជនធំៗអាចចូលរួមក្នុងប្រព័ន្ធDigital នេះបាន ។ តាមរយៈដំណើរការងារខាងលើនេះ ថ្នាក់ដឹកនាំពាក់ព័ន្ធបាននិងកំពុងពិភាក្សាគ្នាអំពីសមត្ថភាព និងកម្រិតទុន ដែលក្រុមហ៊ុនឯកជននីមួយៗមាន រួមទាំងដំណើរការរៀបចំថ្នាលទូរទស្សន៍ Digital ។
សូមបញ្ជាក់ថា ក្រសួងព័ត៌មានកំពុងរៀបចំគម្រោងផ្លាស់ប្តូរប្រពន្ធ័ទូរទស្សន៍ពីអានណាឡូក ទៅជាប្រព័ន្ធឌីជីថលឱ្យបានរួចរាល់នៅឆ្នាំ ២០២៣ ខាងមុខនេះ តែមិនមែនមានន័យថា ទូរទស្សន៍ អាន់ណាឡូកទាំងអស់ត្រូវបិទភ្លាមៗនោះទេ គឺបន្តដំណើរការទន្ទឹមគ្នាជាមួយទូរទស្សន៍Digitalក្នុងកម្រិតណាមួយទៀត៕
www.information.gov.kh