January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អាជ្ញាធរ​រាជធានីភ្នំពេញ​អនុវត្តវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ យប់ថ្ងៃទី១ចាប់ឃាត់យានយន្តបានជាង៣០គ្រឿង

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ សៅរ៍ ៦រោច ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៣ ខែ មេសា ឆ្នាំ២០២១។

ភ្នំពេញ៖ អនុវត្តតាមសេចក្ដីសម្រេច ស្តីពីការអនុវត្តន៍វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០២ ខែមេសា ឃើញថា គ្រប់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនយ៉ាងសកម្មបំផុត ហើយក្នុងចំណោមខណ្ឌទាំង១៤ នេះ មានតែខណ្ឌទួលគោកនិងខណ្ឌពោធិ៍សែនជ័យដែលឃាត់យកយានយន្តទៅរក្សាទុក ដោយឃាត់បានយានយន្តជាង ៣០គ្រឿងបញ្ជូនមករក្សាទុកនៅអធិការ ដ្ឋានខណ្ឌនិងបានឱ្យអ្នកបើកបរទៅធ្វើចត្តាឡីស័កនៅផ្ទះ។

ដើម្បីក្តាប់បានសភាពការណ៍ទូទៅក្នុងរាជធានីភ្នំពេញដែលចាប់ផ្ដើមអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញរយ:ពេល១៤ថ្ងៃពីថ្ងៃទី១មេសាដល់ថ្ងៃ១៤មេសានោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០២ ខែ មេសា បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំឱ្យអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តការងារឱ្យមានប្រសិទ្ធ ភាព តាមសេចក្ដីសម្រេចស្តីពីការអនុវត្តន៍វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ ដោយចាប់ ពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១ ដល់ថ្ងៃទី ១៤ខែមេសា ចាប់ផ្ដើមពីម៉ោង៨យប់រហូត ដល់ម៉ោង៥ភ្លឺ។

គួរបញ្ជាក់ថា​ យោងតាមសេចក្ដីរាយ ការណ៍របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញថា ក្នុងខណ្ឌទាំង១៤ក្នុងមួយខណ្ឌបានដាក់គោលដៅចំនួន២កន្លែងដែលដឹកនាំដោយអភិបាលខណ្ឌជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនីមួយៗផ្ទាល់តែម្ដង។

ជាក់ស្ដែងកម្លាំងគណៈបញ្ជាការឯក ភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដាក់ចេញ នូវគោលដៅប្រចាំការមាន២គោលដៅ និងកម្លាំងចល័តនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ក្នុងនោះ ទី១ គោលដៅ វិទ្យាល័យជម្ពូវ័ន ស្ថិតនៅសង្កាត់ចោមចៅទី៣ ។ ទី២ គោលដៅ ក្បែរក្រុមហ៊ុន ហុងដា ផ្លូវចោមចៅ សង្កាត់ចោមចៅទី១ ដែលមានកម្លាំងសរុបចំនួន២៩នាក់និង កម្លាំងចល័ត មានកម្លាំងសរុប ១៤នាក់ ។

​ ដោយយប់នោះ នៅគោលដៅ ផ្លូវចោមចៅ​ឬផ្លូវ​វេងស្រេង បានដកហូតម៉ូតូចំនួន១៣គ្រឿង​មករក្សាទុកជាបណ្តោះ​អាសន្ន នៅអធិការនគរបាលខណ្ឌ។​ក្រៅពីនេះ មានតែរថយន្តធំៗ រថយន្តដឹកទំនិញ បងប្អូនអញ្ជើញមកពេទ្យ រថយន្តរបស់អង្គទូត អង្គការ និងបងប្អូនកម្មករ កម្មការិនី ដែលចេញមកពីបំរើការងារ​មានកាតនិងលិខិតស្នាមត្រឹមត្រូវ បានអនុញ្ញាតឱ្យធ្វើចរាចរណ៍ជាធម្មតា។

ចំណែកនៅក្នុងមូលដ្ឋានខណ្ឌទួល គោកវិញកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌក៏បានដាក់គោលដៅ២គោលដៅ ជាលទ្ធផល​ត្រួតពិនិត្យ កម្លាំងបានឃាត់ម៉ូតូបានចំនួន១៦គ្រឿង ឃាត់រថយន្តបានចំនួន៤ គ្រឿង សរុបចំនួន២០ គ្រឿងយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្ន។

សម្រាប់​អាជ្ញាធរខណ្ឌឬស្សីកែវ មិនបានដកហូតមធ្យោបាយមករក្សាទុកនិងម្ចាស់យានយន្តមកចត្តាឡីស័កនៅផ្ទះទេ ហើយនៅបណ្តាខណ្ឌផ្សេងៗទៀតក៏មិនបានដកហូតមធ្យោបាយ មករក្សាទុកនិងឱ្យម្ចាស់យានយន្តទៅធ្វើចត្តាឡីស័កនៅផ្ទះដែរ គឺកម្លាំងសមត្ថកិច្ច គ្រាន់តែចុះផ្សាយសារាចរណែនាំឱ្យបងប្អូនអនុវត្តបើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ បើចេញត្រូវមានលិខិតបញ្ជាក់ពីក្រុមហ៊ុនឬស្ថាប័នរបស់ខ្លួន ។ ចំណែករថយន្តធំៗ រថយន្តដឹកទំនិញ បងប្អូនអញ្ជើញមកពេទ្យ រថយន្តរបស់អង្គទូតអនុញ្ញាតឱ្យធ្វើចរាចរណ៍ជាធម្មតា។

ចំណែកខណ្ឌដង្កោវិញគណៈបញ្ជាការបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ​ ដឹក នាំដោយលោកស្រី គឹម​ ញឹប​ អភិបាល ខណ្ឌ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ​ ក៏បានដាក់គោលដៅអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ននូវការធ្វេីចរាចរណ៍ក្នុងភូមិសាស្រ្តខណ្ឌរបស់ខ្លួនផងដែរ៕

www.information.gov.kh Sourcing

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.