ឯកឧត្តម ហ៊ុន ម៉ាណែត បានដាក់បញ្ជាឱ្យកងកម្លាំង ផ្តល់ស័ង្កសី ជួយសង្គ្រោះ ពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុងប៉ោយប៉ែត
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ ច័ន្ទ ៨រោច ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០២១។
បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១
លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកងកម្លាំងជាច្រើននាក់ចុះជួយអន្តរាគមន៍ភ្លាមៗបន្ទាប់ពីកើតមានហេតុការណ៍ភ្លៀង និងលាយខ្យល់កន្ត្រាក់ ដែលបានវាយប្រហារ មកលើមូលដ្ឋានមួយចំនួនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានធ្វើឱ្យខូចខាតតូបលក់ដូរប្រមាណ៦០តូបផ្ទះប្រជាពលរដ្ឋប្រមាណ១៩ខ្នងនិងបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសធ្ងន់ស្រាលប្រមាណ ៥នាក់ផងដែរនៅក្នុងសង្កាត់ប៉ោយប៉ែតនិងសង្កាត់ ផ្សារកណ្តាល។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកដែលឱ្យបង្កើនស្មារតីក្នុងការសង្គ្រោះពលរដ្ឋពេលជួបគ្រោះធម្មជាតិផ្សេងៗ។ លោកបានដឹកនាំ កម្លាំងចុះអន្តរាគមន៍ជួយភ្លាមៗសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តស្នងការនគរបាល និងអាជ្ញាធរមូលដ្ឋាន ដោយជួយរុះរើបំណែកផ្ទះប្រជាពលរដ្ឋខូចខាត និងជួយធ្វើរោងស្នាក់នៅបណ្តោះអាសន្ន ចំនួន ១គ្រួសារ ព្រមទាំងបានបញ្ជូនរថយន្តសង្រ្គោះ ក្រុមគ្រូពេទ្យព្យាបាលជូនប្រជាពលរដ្ឋដែលរងរបួសផងដែរ។
សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះដោយធម្មជាតិផ្សេងៗ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់ស័ង្កសីចំនួន ៥០០០សន្លឹកសម្រាប់ឆ្នាំ២០២១ ត្រៀមទុកសម្រាប់អង្គភាពចេញបេសកកម្ម បំពេញប្រតិបតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ។
នៅដើមឆ្នាំ២០២១នេះគិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អង្គភាពបានចេញប្រតិបត្តិការជួយសង្រ្គោះដោយខ្យល់កន្រ្តាក់សរុបចំនួន៨លើក។ ៨លើកនេះ អង្គភាពបានប្រើប្រាស់កម្លាំងសរុបចំនួន២៩៥នាក់ ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន ៤៧ខ្នង ក្នុងនោះខូចធ្ងន់ចំនួន១៥ខ្នង ប្រើប្រាស់ស័ង្កសីអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា សរុបចំនួន ៩៧៥សន្លឹក៕
www.information.gov.kh Sourcing