លោកជំទាវចឹក ហេង៖សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ប្រជាពលរដ្ឋជិត៣០គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ អង្គារ៍ ៩រោច ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០២១។
ខេត្តព្រះវិហារ៖ អនុប្រធានអចិន្ត្រៃយ៍ គណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត លោកជំទាវចឹក ហេង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងមូលដា្ឋន នាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋ ២៩គ្រួសារ នាថ្ងៃទី៥ ខែមេសា ។
ការនាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះទាំងនោះ បានធ្វើឡើង កាលពីយប់ថ្ងៃទី៤ មេសាឆ្នាំ២០២១ កន្លងមកនេះ ដោយមានពលរដ្ឋរងគ្រោះ រស់នៅក្នុងឃុំចំនួន ២ គឺ ឃុំស្អាង ១គ្រួសារ និងឃុំច្រាច់ ២៨ គ្រួសារ ស្ថិតនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ។
លោកជំទាវចឹក ហេង បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្ដាយពីសំណាក់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ពិសេស ប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេច តែងតែយកចិត្តទុកដាក់ជាប់ជានិច្ច អំពីសុខទុក្ខរបស់បងប្អូននៅគ្រប់ទីកន្លែង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដោយ មិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ ឬសាសនាអ្វីឡើយ ។
លោកជំទាវចឹក ហេង បានមានប្រសាសន៍ថា នៅថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង ២៩គ្រួសារ ដើម្បីជួយសម្រាលដល់ទុក្ខលំបាកបានមួយគ្រាដែរ ក្រោយជួបគ្រោះមហន្តរាយធម្មជាតិ បានបណ្ដាលឲ្យរលំផ្ទះ ១ខ្នង សសរធ្លាក់ពីជើងតាង ១ខ្នង និងរបើកដំបូល ២៧ខ្នង តែជាកុសល ពុំមានមនុស្សណាម្នាក់ រងរបួស ឬរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
លោកជំទាវចឹក ហេង បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋរងគ្រោះ ក៏ដូច ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ សូមចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ១៩ ដែលបាននិងកំពុងរីករាលដាល នៅតាមបណ្ដាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ដែលផ្ទុះឡើងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ។ លោកជំទាវ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវមានអនាម័យជាប់ជាប្រចាំ និងអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស វិធានការទាំង ៦ចំណុចរបស់ រាជរដ្ឋាភិបាល ត្រូវអនុវត្តឲ្យបាន នូវវិធានការ ៣កុំ និង ៣ការពារ ។
បន្ទាប់មកថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង ២៩គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ ថវិកា ២ម៉ឺនរៀល ក្នុងនោះគ្រួសារដែលរបើកដំបូលខ្លាំង ១៥គ្រួសារ និងសសរផ្ទះរបូតធ្លាក់ពីជើងតាង ១គ្រួសារ ទទួលបានថវិកា ៥ម៉ឺនរៀល និងតង់ ១ និង ១គ្រួសារទៀត ដែលដួលរលំផ្ទះ ទទួលបានថវិកា ២០ម៉ឺនរៀល ព្រមទាំងតង់ ១បន្ថែមទៀត ផងដែរ៕
www.information.gov.kh Sourcing