សមត្ថកិច្ចបានធ្វើការបំផ្លាញដំណាំកញ្ឆាចោលដែលមានទម្ងន់សរុបចំនួន ៣៨៤ គីឡូក្រាម
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ ច័ន្ទ ៨រោច ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០២១។
មណ្ឌលគិរី៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងកិច្ចប្រតិបត្តិការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ទូទាំងខេត្តមណ្ឌលគិរី, នាថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទីព្រឹក កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីដាំដុះដំណាំកញ្ឆាមួយកន្លែងស្ថិតនៅត្រង់ចំណុចចម្ការរបស់ឈ្មោះ មេីប អឿន នៅក្បែរមាត់អូរទេ ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ចំណែកជនសង្ស័យដែលជាម្ចាស់ចម្ការបានរត់គេចខ្លួនបាត់។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមាន៖ ដេីមកញ្ឆាទម្ងន់ ចំនួន ៣៨៤ គីឡូក្រាម, ធុងបាញ់ថ្នាំចំនួន ០១, ធុងស្រោចដំណាំចំនួន ០១, ចបចំនួន ០៣, ម៉ាស៊ីនមូមទឹកចំនួន ០២ គ្រឿង និងដំណាំកូនកញ្ឆាតូចៗមួយចំនួនទៀតទើបនឹងដាំ ត្រូវបានកម្លាំងសមត្ថកិច្ចយើងបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង។
ករណីនេះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានយកវត្ថុតាងខាងលើមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងតាមស្វែងរកម្ចាស់ចំការខាងលើដេីម្បីយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕
ប្រភពfacebook